ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញប្រគល់អំណោយរបស់សប្បុរសជននានា សម្រាប់យកទៅឧបត្ថម្ភ ដល់ជនភៀសសឹកនិងវីរកងទ័ពជួរមុខកម្ពុជា ក្នុងខេត្តពោធិ៍សាត់និងបាត់ដំបង

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់អំណោយ ដែលជាការឧបត្ថម្ភរបស់សប្បុរសជន ចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំ ដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខកម្ពុ ជាក្នុងខេត្តពោធិ៍សា់តនិងបាត់ដំបង តាមរយៈ លោក សៅ​ ជីវ័ន្ត​ រដ្ឋលេខាធិការ​ និងមន្ទីអភិវឌ្ឍន៍ជនបទនៃខេត្តទាំងពីរខាងលើ។

អំណោយដែល លោក ឆាយ ឫទ្ធិសែន ប្រគល់ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង មានដូចជា៖ ១. ឃីតថង់ធំ ចំនួន ១៤៩កញ្ចប់ ដោយ ១កញ្ចប់ មាន តង់ ៤ម៉ែត្រ * ៥ម៉ែត្រ, កន្ទេល, អង្រឹង, ភួយ, បារី, នំ, ម៉ាស់, អំបិល, ស្ករស, កាហ្វ, និងខ្ទឹម, ២. ខោក្នុងបុរស ចំនួន ៥០០ខោ និង ៣. ក្រមា ចំនួន ២០០ គឺសម្រាប់ឧបត្ថម្ភដល់វីរកងទ័ពជួរមុខកម្ពុជាក្នុងខេត្តបាត់ដំបង់ ដែលកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហាន ប្រយុទ្ធការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីការឈ្លានពានដោយខុសច្បាប់របស់យោធាសៀម។

ដោយឡែកអំណោយដែល លោក ឆាយ ឫទ្ធិសែន ប្រគល់ជូនតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ មានដូចជា៖ ១. អង្ករ ចំនួន ៣តោន, ២. ត្រីខ ចំនួន ៥កេស, ៣. មី ចំនួន ៥០កេស, ៤. សម្លៀកបំពាក់មនុស្សចាស់-កូនក្មេង ២០កេស, ៥. ទឹកបរិសុទ្ធ ចំនួន ៥០កេស, ៦. ភេសជ្ជៈ ចំនួន ៥០កេស ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត គឺសម្រាប់ឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានាក្នុងខេត្តពោធិ៍សាត់ ដោយសារសកម្មភាពឈ្លានពានដោយខុសច្បាប់របស់ទាហានសៀម មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ជូនថា ការប្រគល់អំណោយនេះ សបញ្ជាក់ពីស្មារតីគាំទ្រ និងការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ និងឆ្លុះបញ្ចាំងពីសាមគ្គីភាពខ្មែរតែមួយ ដើម្បីយកជ័យជម្នះលើសត្រូវឈ្លានពាន និងនាំយកសុខសន្តិភាព ជូនដល់ប្រទេសជាតិនិងប្រជាពលរដ្ឋរបស់យើង។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ៕

To Top