ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ប្តេជ្ញា ក្នុងការឆ្លើយតបយ៉ាងខ្លាំងក្លា ករណីអាមេរិកនិងអ៊ីស្រាអែល បើកការវាយប្រហារណាមួយ

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងថាអ៊ីរ៉ង់​បាន​ប្តេជ្ញា​ឆ្លើយតប​យ៉ាង​រហ័ស និង​តឹងរ៉ឹង​ចំពោះ​សកម្មភាព​ឈ្លានពាន​ណាមួយ ​បន្ទាប់​ពី​មានការ​គំរាមកំហែង ​ផ្នែក​យោធា​ជាថ្មី​ពី​អាមេរិក និង​អ៊ីស្រាអែល។

កាលពីថ្ងៃចន្ទដើមសប្តាហ៍ កន្លងមកនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានជួបជាមួយនឹង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានគម្រាមថានឹង ដកយកនរកចេញពីប្រទេសអ៊ីរ៉ង់ ប្រសិនបើខ្លួនព្យាយាមសាងសង់ឡើងវិញ នូវគម្រោងនុយក្លេអ៊ែរ ឬមីស៊ីលផ្លោងរបស់ខ្លួន។

ជាការឆ្លើយតប ឧត្តមនាវីទោ Ali Shamkhani ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានប្រកាសលើបណ្តាញសង្គម X ថាគោលលទ្ធិការពារជាតិ របស់អ៊ីរ៉ង់កំណត់ថា ៖ ការឆ្លើយតបមួយចំនួន ត្រូវបានកំណត់ជាយូរមកហើយ មុនពេលការគំរាមកំហែង ឈានដល់ដំណាក់កាល នៃការប្រហារជីវិតផង។

លោក​បាន​ព្រមាន​ថា ការ​ឈ្លានពាន​ណា​មួយ ​នឹង​ត្រូវ​បាន​ជួប​ជា​មួយ​នឹង​ការ​ឆ្លើយ​តបភ្លាមៗ និង ធ្ងន់​ធ្ងរបំផុតហួស​ពី​ការ​គិត​របស់​អ្នក​រៀបចំ​ផែនការ​។

ប្រធានាធិបតី​អ៊ីរ៉ង់លោក Masoud Pezeshkian ក៏បាន​បន្ទរ​ការ​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ដោយ​បញ្ជាក់​ថា៖​ការ​ឆ្លើយតប​របស់​អ៊ីរ៉ង់​ចំពោះ​ការ​ឈ្លានពាន​ណា​មួយ​នឹង​មាន​ភាព​ឃោរឃៅ និង​គួរ​ឲ្យ​សោកស្ដាយ។

គួរឲ្យដឹងដែរថាមុននេះ លោកក៏បានកំណត់ភាពតានតឹងជាផ្នែកនៃជម្លោះកាន់តែទូលំទូលាយ ដោយបញ្ជាក់ថា អ៊ីរ៉ង់កំពុងស្ថិតក្នុង សង្រ្គាមពេញលក្ខណៈជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

To Top