សង្គ្រាមឈ្លានពានទឹកដី បង្កឲ្យមានផលប៉ះពាល់យូរអង្វែងដល់អាកាសធាតុ និងសុខភាព
ភ្នំពេញ ៖ ក្នុងបទវិចារណកថា របស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ស្តីពី សង្គ្រាម និងបរិស្ថានបានឲ្យដឹងថា ការធ្វើសង្គ្រាមចូលឈ្លានពានអធិបតេយ្យភាពរបស់មួយទៀតបានធ្វើឲ្យមានផលប៉ះពាល់យូរអង្វែងដល់អាកាសធាតុ និងសុខភាព។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរៀបរាប់ថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីសកម្មភាពនៃសង្គ្រាម បានរួមចំណែកដល់ការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងសកលតាមរយៈការកាប់បំផ្លាញព្រៃឈើក្នុងការបម្រើក្នុងសកម្មភាពយោធា ភ្លើងឆេះព្រៃ និងសម្ភារៈសឹកសង្គ្រាម ការដុតប្រេងឥន្ទនៈ និងអាវុធផ្ទុកសារធាតុគីមីនិងវិទ្យុសកម្ម ការប្រើប្រាស់យន្តហោះចម្បាំង រថក្រោះ និងនាវាចម្បាំង ការទម្លាក់គ្រាប់បែកបានបង្កឲ្យមានវិបត្តិអាកាសធាតុ រួមមាន គ្រោះធម្មជាតិ គ្រោះរាំងស្ងួត កង្ខះខាតធនធាន(ជីវជាតិដី ទឹក បំពុលខ្យល់ រំខានដល់ស្រទាប់អូស្សូន ការកើនឡើងនូវកម្តៅរបស់ផែនដី) និងបង្កឲ្យមានហានិភ័យនៃជំងឺកម្រិតធ្ងន់ និងស្រួចស្រាល ដូចជាជំងឺមហារីក ពិការភាពពីកំណើត ជំងឺសើស្បែកធ្ងន់ធ្ងរ ជំងឺផ្លូវដង្ហើម ខូចតម្រងនោម ជំងឺផ្លូវចិត្ត ប្រព័ន្ធការពាររាងកាយចុះខ្សោយ ការផ្លាស់ប្តូរហ្សែននិងកោសិកា ជំងឺឆ្លង កង្វះអាហារូបត្ថម្ភជាដើម។
សម្រាប់ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ លំនៅដ្ឋាន ដោយសារសង្គ្រាមឈ្លានពានបង្កឲ្យមានកង្វះអាហារ និងកង្វះទឹកស្អាត អនាម័យ និងជំងឺ បានដាក់បន្ទុកបន្ថែមលើប្រទេសអភិវឌ្ឍន៍តិចតួចដូចជាប្រទេសកម្ពុជា ក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ៕
