នាយករដ្ឋមន្ត្រីដាណឺម៉ាក និយាយដោយកំហឹងប្រឆាំងនឹងផែនការចង់បានកោះ Greenland ដោយប្រធានាធិបតីអាមេរិក
បរទេស៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងសុន្ទរកថាបែបក្រេវក្រោធ ដោយសន្យាថា នឹងទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងជាថ្មីដោយសហរដ្ឋអាមេរិកដើម្បីទទួលបានតំបន់ Greenland ។ សម្តេចមហាក្សត្ររបស់ដាណឺម៉ាក Frederik X បានបន្លឺឡើងនូវមនោសញ្ចេតនាសម្រាប់ថ្ងៃចូលឆ្នាំសកលរបស់ព្រះអង្គផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ថា សេចក្តីថ្លែងការណ៍នេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាបេសកជនពិសេសប្រចាំនៅ Greenland ដែលជាកោះមួយស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ដាណឺម៉ាក ដែលមេដឹកនាំអាមេរិកធ្លាប់បានស្នើឱ្យកោះនេះក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។

ថ្លែងពីគេហដ្ឋានផ្លូវការលោកស្រីកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Frederiksen បានស្តីបន្ទោសអ្វីដែលលោកស្រីហៅថា “ការគំរាមកំហែង សម្ពាធ និងការនិយាយថ្កោលទោស” ពី “សម្ព័ន្ធមិត្តជិតស្និទ្ធបំផុត” របស់ព្រះរាជាណាចក្រមួយនេះ។ ដោយមិននិយាយពីសហរដ្ឋអាមេរិកដោយផ្ទាល់ លោកស្រីបានរិះគន់គោលគំនិតនៃការទទួលបានប្រទេសផ្សេងថា ជាទស្សនៈពិភពលោកហួសសម័យ និងមិនអាចទទួលយកបាន។
សូមជម្រាបថា នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងខែធ្នូ លោក Trump បានអះអាងថា សហរដ្ឋអាមេរិក “ត្រូវការ” Greenland ដោយចង្អុលទៅទីតាំងតំបន់អាក់ទិក និងធនធានរ៉ែដ៏មានសក្តានុពល ខណៈពេលដែលកោះនេះទទួលស្គាល់ការអះអាងជាប្រវត្តិសាស្ត្រដោយប្រទេសដាណឺម៉ាក៕
ប្រែសម្រួលៈ ណៃ តុលា
