ក្រសួងការងារ ណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អំពីការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងឆ្នាំ២០២៦
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំជូនដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ស្ដីពី ការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក្នុងឆ្នាំ២០២៦។

សេចក្ដីណែនាំដែលផ្សព្វផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា យោងតាមច្បាប់ ស្តីពី ការងារ ច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា និងប្រកាសចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦ ក្រសួងការងារ សូមណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ ដោយត្រូវទូទាត់ចំនួន ២ដង ក្នុង១ខែ។

សេចក្ដីណែនាំរបស់ក្រសួងការងារ បានឱ្យដឹងបន្តថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារកើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស ក្រុមហ៊ុន រោងចក្រនោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន។
បន្ថែមលើនេះ ក្រសួងការងារ ក៏បានសង្កត់ធ្ងន់ថា ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ សូមបងប្អូនកម្មករនិយោជិត ឬសហជីពដែលជាតំណាងរបស់បងប្អូនកម្មករ និយោជិតជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦” ឬតាមរយៈប្រអប់បណ្តឹងអនាមិក របស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមាន ចៀសវាង ការយកជម្រើសតវ៉ាតាមរយៈការបិទផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈាន ដល់ការប្រព្រឹត្តល្មើសច្បាប់ជាយថាហេតុ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបងប្អូនកម្មករនិយោជិតទាំងអស់ ចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព៕

