មូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ ផ្តល់កញ្ចប់Panda ដល់កុមារ នៅសាលាបឋមសិក្សាអង្គរោង ក្នុងស្រុក គងពិសី ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ សិស្សានុសិស្ស នៃសាលាបឋមសិក្សាអង្គរោង ស្ថិតនៅឃុំ មហាឫស្សី ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ចំនួន៤០៣នាក់ ទទួលបានកាតាប និងសម្ភារសិក្សាពីគម្រោងPanda Pack របស់មូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ ហៅកាត់ថា CFRD ក្រោមកិច្ចសហការ និងសម្របសម្រួល ពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ។

លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស នៃសាលាបឋមសិក្សាអង្គរោង មានសេចក្តីរំភើប ឥតឧបមា និងសូមសម្តែង នូវមនោសញ្ចេតនាដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះគម្រោង Panda Packរបស់ចិន ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លា មកចែកជូនដល់សិស្សានុសិស្ស ដើម្បីជំរុញលើកកម្ពស់ការសិក្សា នៅតាមទីជនបទឱ្យកាន់តែល្អប្រសើរឡើង ។ ពួកគាត់លើកឡើងថា អំណោយជាកាតាប និងសម្ភារសិក្សាពីគម្រោង Panda Pack មិនមែនគ្រាន់តែជាវត្ថុប្រើប្រាស់ធម្មតានោះទេ ប៉ុន្តែវាគឺជា “កម្លាំងចិត្ត” ដ៏ធំធេងសម្រាប់កុមារៗនៅសាលាបឋមសិក្សាអង្គរោង។ សម្ភារថ្មីៗទាំងនេះ បានជួយឱ្យពួកគេមានទំនុកចិត្ត បំបាត់ភាពអៀនខ្មាស និងបង្កើតឱ្យមានភាពសប្បាយរីករាយក្នុងការមកសាលារៀនជារៀងរាល់ថ្ងៃ ។

លោកសៅ សុទ្ធី នាយកសាលាឋបមសិក្សាអង្គរោងបានមានប្រសាសន៍ ប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ថា ចាប់តាំងពីទទួលបានកញ្ចប់ Panda Pack មក សិស្សានុសិស្សមានស្មារតីតស៊ូរៀនសូត្រ កាន់តែខ្លាំង ។ សកម្មភាពសប្បុរសធម៌នេះ គឺជាគំរូដ៏ល្អ នៃការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ នៅតាមតំបន់ជនបទ ។

លោកនាយកបញ្ជាក់ដូច្នេះថា ៖ « ជាថ្មីម្តងទៀត ក្នុងនាមសាលាបឋមសិក្សាអង្គរោង លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សទាំងអស់ សូមគោរពជូនពរ ដល់ម្ចាស់គម្រោង Panda Pack និងសប្បុរសជនទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ លោកគ្រួអ្នកគ្រូ សន្យានឹងបន្តជំរុញឱ្យសិស្សានុសិស្ស ប្រើប្រាស់សម្ភារទាំងនេះឱ្យអស់លទ្ធភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹង មាំសម្រាប់ប្រទេសជាតិ ទៅថ្ងៃអនាគត។ ជាមួយគ្នានេះ សុំឱ្យម្ចាស់ជំនួយបន្ត ជួយដល់សាលាយើងខ្ញុំថែមទៀតដើម្បីឱ្យសិស្សមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ និងមានទឹកចិត្តសប្បាយរីករាយក្នុងការសិក្សា។ »

លោកសែម ជាឱពុករបស់សិស្សម្នាក់ បានឱ្យដឹងថា ការជួយឧបត្ថម្ភនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយក្នុងគ្រួសារ។ នៅក្នុងស្ថានភាពដែលជីវភាពនៅមានកម្រិត ការដែលកូនៗទទួលបានកញ្ចប់សម្ភារសិក្សាគ្រប់គ្រាន់បែបនេះ គឺជាការចែករំលែកនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលរកអ្វីប្រៀបផ្ទឹមពុំបាន ។

លោក ចាង សិនយៀក (Zhang Shenyue) អ្នកទទួលខុសត្រូវអនុវត្តគម្រោងកាតាបPanda បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨មកដល់បញ្ចប់ឆ្នាំ២០២៥ CFRD បានផ្តល់អំណោយកាតាប ចំនួនសរុប២០៣ ៩០០ កញ្ចប់។ កញ្ចប់ផេនដាត្រូវបានគាំទ្រដោយអង្គការសប្បុរសធម៌ Alibaba ដោយប្រមូលផ្តុំ នូវថវិកាសប្បុរសធម៌របស់ប្រជាជនចិនរាប់លាននាក់។ កញ្ចប់នីមួយៗមានសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចំនួន៨៨មុខ ហើយការរចនា កញ្ចប់ឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌របស់ប្រទេសចិន និងកម្ពុជា។ កញ្ចប់នេះវាមិនត្រឹមតែបំពេញតម្រូវការសិក្សា និងការរស់នៅ របស់កុមារប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់យ៉ាងខ្លាំងដល់ការផ្លាស់ប្តូរប្រជាជនទៅប្រជាជនរវាងប្រទេសចិន និងកម្ពុជា៕






