សាលាបឋមសិក្សា កែវ សុវណ្ណ នៅក្រុងពោធិ៍សាត់ ទទួលបានសម្ភារសិក្សា និងវត្ថុប្រើប្រាស់ពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ
ពោធិ៍សាត់ ៖ បន្ទាប់ពីមានការសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ សាលាបឋមសិក្សាកែវ សុវណ្ណ ស្ថិតនៅសង្កាត់ បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ទទួលបានកញ្ចប់Panda ចំនួន៣៧៨ ពីគម្រោងPanda Pack របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ។

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក រស់ សម្បត្តិ សាលាបឋមសិក្សា កែវ សុវណ្ណ តំណាងឱ្យលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្សទាំងអស់ បានអរគុណដល់ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ជំនួយសម្ភារសិក្សា និងវត្ថុប្រើប្រាស់ដល់សិស្សនៅពេលនេះ ។
លោកបានចាត់ទុកថា អំណោយកាតាប និងសម្ភារៈសិក្សាពីគម្រោង Panda Pack មិនមែនគ្រាន់តែជាវត្ថុប្រើប្រាស់ធម្មតានោះទេ ប៉ុន្តែវាគឺជា “កម្លាំងចិត្ត” ដ៏ធំធេងសម្រាប់កុមារៗ ។ សម្ភារៈថ្មីៗទាំងនេះ បានជួយឱ្យពួកគេមានទំនុកចិត្ត បំបាត់ភាពអៀនខ្មាស និងបង្កើតឱ្យមានភាពសប្បាយរីករាយ ក្នុងការមកសាលារៀនជារៀងរាល់ថ្ងៃ។ ជាមួយគ្នានេះ លោកគ្រូអ្នកគ្រូ សន្យានឹងបន្តជំរុញឱ្យសិស្សានុសិស្សប្រើប្រាស់សម្ភារៈទាំងនេះឱ្យអស់លទ្ធភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨មកដល់បញ្ចប់ឆ្នាំ២០២៥ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានផ្តល់អំណោយកាតាប ចំនួនសរុប២០៣៩០០ កញ្ចប់។ កញ្ចប់ផេនដាត្រូវបានគាំទ្រដោយអង្គការសប្បុរសធម៌ Alibaba ដោយប្រមូលផ្តុំនូវថវិកា សប្បុរសធម៌របស់ប្រជាជនចិនរាប់លាននាក់។ កញ្ចប់នីមួយៗមានសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចំនួន៨៨មុខ ហើយការរចនាកញ្ចប់ឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌របស់ប្រទេសចិន និងកម្ពុជា។ កញ្ចប់នេះវាមិនត្រឹមតែបំពេញ តម្រូវការសិក្សា និងការរស់នៅរបស់កុមារប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់យ៉ាងខ្លាំង ដល់ការផ្លាស់ប្ដូរប្រជាជនទៅប្រជាជនរវាងប្រទេសចិន និងកម្ពុជា៕







