អំណោយកង់៩៥គ្រឿង បន្ថែមកម្លាំងចិត្តដល់ការសិក្សា របស់សិស្សានុសិស្ស នៅឃុំដូង ស្រុកបាទី
តាកែវ ៖ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការរួមចំណែកលើកទឹកចិត្ត ដល់ការសិក្សារបស់កុមារនៅជនបទ ក្រុមហ៊ុន Hello Bike តាមរយៈ មូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ (CFRD) បានរៀបចំសកម្មភាពចែកកង់៩៥គ្រឿង ជូនដល់សិស្សានុសិស្ស សិក្សានៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ។

លោក កឹម ច័ន្ទធូ អនុប្រធាននាយកដ្ឋានផែនការ និងគម្រោង នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានពាំនាំ នូវប្រសាសន៍របស់ក្នុងនាមលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយបានគូសបញ្ជាក់ថា ការផ្តល់កង់ចំនួន៩៥គ្រឿង ក្នុងចំណោម២៥០០គ្រឿង ជូនសិស្សានុសិស្ស នៅសាលាអង្គ កំនប់នាថ្ងៃនេះ គឺជាការឆ្លើយតបលើការផ្តល់មធ្យោបាយធ្វើដំណើរ និងលើកទឹកចិត្តកាន់តែសកម្ម ថែមទៀតដល់ សិស្សានុសិស្សក្នុងការសិក្សា ។ លោកបានបន្ថែមថា កង់មួយគ្រឿងមិនត្រឹមជាមធ្យោបាយសាមញ្ញប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ធំធេង ក្នុងការសន្សំពេលវេលា និងបង្កើនជីវភាពរស់នៅរបស់សិស្សានុសិស្ស ទាំងក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ ទាំងការប្រើប្រាស់ជាប្រយោជន៍បម្រើ ដល់គ្រួសាររបស់ខ្លួន។
តំណាងក្រុមហ៊ុន Hello និងមូលនិធិចិន CFRD លោក ឆិន អ៊ីស៊ាន (Chen Yixian) បានបញ្ជាក់ថា កម្មវិធីចែកកង់នេះ ជាផ្នែកមួយរបស់សង្គមស៊ីវិលចិន ក្រោមកិច្ចសហការ ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលមានលោក កឹមរ័ត្ន វិសិដ្ឋ ជាអ្នកសម្របសម្រួលនិងលើកទឹកចិត្ត ដល់បេសកកម្មការងារ របស់បណ្តាសង្គមស៊ីវិលនានា របស់ប្រទេសចិន ក្នុងគោលបំណងជួយលើកស្ទួយជីវភាពរស់នៅ និងលើកទឹកចិត្តដល់ការសិក្សារបស់កុមារនៅតំបន់ជនបទ និងតំបន់ដែលជួបការលំបាក។ តាមរយៈការផ្តល់ជូនមធ្យោបាយធ្វើដំណើរដ៏សមស្រប ក្រុមហ៊ុនHello Bike និងមូលនិធិCFRD សង្ឃឹមថា សិស្សានុសិស្សនឹងមានលទ្ធភាពទទួលបានចំណាត់ថ្នាក់កាន់តែខ្ពស់ក្នុងការសិក្សា និងបន្តការសិក្សារបស់ខ្លួនដោយមានទំនុកចិត្តខ្ពស់ជាងមុន។ លោកក៏បានបន្ថែមថា សកម្មភាពនេះ មិនត្រឹមតែជាការចែកអំណោយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីសាមគ្គី និងការចូលរួមទទួលខុសត្រូវ សង្គមរបស់វិស័យឯកជន និងសង្គមស៊ីវិលចិន ក្នុងការរួមចំណែកជាមួយសង្គមស៊ីវិលកម្ពុជាដែលមានវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាស្នូល ដើម្បីអភិវឌ្ឍធនធានមនុស្ស និងកសាងមូលដ្ឋានរឹងមាំសម្រាប់អនាគតប្រទេសជាតិ។

ក្នុងឱកាសដដែលនេះ ក្នុងនាមគណៈគ្រប់គ្រង សាលាបឋមសិក្សាអង្គកំនប់ លោក ណុប ទូច មេឃុំដូង បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដល់ក្រុមហ៊ុន Hello និងដល់មូលនិធិចិន CFRD ដែលបានយកចិត្តទុកដាក់ជាក់ស្តែងដល់តម្រូវការរបស់សិស្សានុសិស្ស។
ដោយឡែក មាតាបិតាសិស្ស និងសហគមន៍មូលដ្ឋាន ក៏បានបង្ហាញនូវក្តីរីករាយ និងការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ដោយចាត់ទុកថា ជាជំនួយដ៏មានតម្លៃសម្រាប់គ្រួសារនៅជនបទ និងគ្រួសារដែលមានចំណូលទាប ហើយទាំងអស់គ្នាសុទ្ធតែបានយល់ស្របគ្នាថា ការទទួលបានកង់ នឹងជួយកូនៗរបស់ខ្លួនមានឱកាសរៀន សូត្របានល្អប្រសើរជាងមុន និង បន្តក្តីសុបិនរបស់ខ្លួនក្នុងការក្លាយ ជាកម្លាំងពលកម្មបញ្ញាញាណប្រកប ដោយគុណភាពខ្ពស់ និងជាទំពាំងដ៏ប្រពៃសម្រាប់សង្គមកម្ពុជា ៕
