ប្រធានាធិបតីអ៊ុយក្រែន ធ្វើការផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីការពារជាតិ
បរទេស៖ ទីភ្នាក់ងារច៊ិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសក្នុងការផ្តល់តំណែងឧបនាយករដ្ឋមន្ត្រីទីមួយ Mykhailo Fedorov ទៅជារដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក Denys Shmyhal ។
លោកZelensky បាននិយាយនៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ៖ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរទម្រង់នៃការងាររបស់ក្រសួងការពារជាតិអ៊ុយក្រែន។ ខ្ញុំបានស្នើឱ្យលោក Mykhailo Fedorov ក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែនជំនួសវិញ។
លោកបានកត់សម្គាល់ថាលោក Fedorov មានការចូលរួមយ៉ាងជ្រាលជ្រៅនៅក្នុងបញ្ហាដែលទាក់ទងនឹងយន្តហោះគ្មានមនុស្សបើក ហើយបាននិងកំពុងធ្វើការយ៉ាងមានប្រសិទ្ធភាពលើការធ្វើឌីជីថលនៃសេវាកម្ម និងដំណើរការរបស់រដ្ឋាភិបាល។
លោក Zelensky បាននិយាយថា៖រួមគ្នាជាមួយបុគ្គលិកយោធារបស់យើងទាំងអស់ បញ្ជាការយោធា ក្រុមហ៊ុនផលិតអាវុធជាតិ និងដៃគូរបស់អ៊ុយក្រែន យើងត្រូវអនុវត្តការផ្លាស់ប្តូរនៅក្នុងវិស័យការពារជាតិដែលនឹងជួយធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនៅក្នុងវិស័យមួយនេះ។
គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃសុក្រនោះដែរលោក Zelensky បានតែងតាំងលោក Kyrylo Budanov ដែលជាប្រធានផ្នែកចារកម្មការពារជាតិទៅជាប្រធានការិយាល័យប្រធានាធិបតីថ្មីផងដែរ។ លោក Oleh Ivashchenko បានជំនួសលោក Budanov ជាប្រធានផ្នែកស៊ើបការណ៍ការពារជាតិថ្មី៕
ប្រែសម្រួល៖ស៊ុនលី
