ក្រសួងបរិស្ថាន ចែកកូនឈើជូនប្រជាពលរដ្ឋ ដាំបានចំនួន ៣,៤លានដើម ក្នុងឆ្នាំ២០២៥
ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកជូនកូនឈើជាង ៣,៤០០,០០០ដើម ក្នុងនោះ កូនត្នោត ចំនួន ១,០០០,០០០ដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្ត តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដើម្បីយកទៅដាំតាមទីសាធារណៈនានា និងដាំស្តារព្រៃសហគមន៍. កូនឈើដែលបានចែកជូន ក្នុងឆ្នាំកន្លងទៅនេះ បានមកពីថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥ រួមមាននៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគិរី និងថ្នាលរបស់មន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស។

សូមបញ្ជាក់ថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ហើយក្រសួងបរិស្ថាន បានរៀបចំអនុវត្ត និងដាក់ចេញយុទ្ធនាការពន្លកបៃតង គឺបណ្តុះកូនឈើ ចែកកូនឈើ និងដាំដើមឈើយ៉ាងតិចមួយ (០១)លានដើមក្នុងមួយឆ្នាំ។

លោកមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានផ្តួចផ្តើម និងដឹកនាំនិងជំរុញការបណ្តុះកូនឈើ នៅតាមមន្ទីរបរិស្ថាន និងបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥ ថែមទៀតជាបន្តបន្ទាប់ នៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង។

សម្រាប់ឆ្នាំ២០២៦ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់និងបង្កើនការបណ្តុះ និងចែកកូនឈើ ចំនួន ៣,០០០,០០០ ទៅ ៥,០០០,០០០ដើម។ ក្នុងពេលបច្ចុប្បន្នថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ បានចូលរួមចំណែកចលនាដាំបន្លែដើម្បីជាតិ ដោយបានចែករំលែកចំណេះដឹងក្នុងការដាំដុះកូនឈើព្រៃ កូនឈើហូបផ្លែ និងបន្លែ រួមមានស្ពៃ ត្រកូន ត្រប់ ននោង ត្រសក់ ជាដើម ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងយុវជនកម្ពុជា និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន អាចដាំដុះបន្ថែម នៅតាមសាលារៀន វត្តអារាម និងតាមមូលដ្ឋាននានា ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ ជួយបង្កើនចំណូលសម្រាប់ជីវភាព៕




