លោក ឆាយ ឫទ្ធិសែន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមានជ័យនិងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំនីមួយៗ លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទាំងពីរ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុក ដោយបានបញ្ជាក់ជូនអំពី ការអនុវត្តការងាររបស់គណបក្សស្រុក, ការអនុវត្តការងាររបស់ក្រុមការងារគណបក្សស្រុកនៅតាមមូលដ្ឋានឃុំ និងភូមិ, សកម្មភាពគណបក្សនយោបាយផ្សេងៗ និងការងារធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ដោយក្នុងនោះរួមមាន៖ គណៈកម្មាធិការគណបក្សស្រុកសាមគ្គីមានជ័យ មានគណៈកម្មាធិការគណបក្សឃុំ ចំនួន ៩, សាខាបក្សចំនួន ១៦២, អនុសាខាបក្សចំនួន ២៧០, ក្រុមបក្សចំនួន ៣,៩៣១ និងគ្រួសារបក្ស ២២,៧៧៩ ដោយឡែក គណៈកម្មាធិការគណបក្សស្រុកទឹកផុស មាន គណៈកម្មាធិការគណបក្សឃុំ ចំនួន ៩ , គណៈកម្មាធិការសាខាបក្ស ចំនួន ៧៨ , សាខាបក្ស ចំនួន១៥៩ , អនុសាខាបក្ស ចំនួន ៨៦៨ និងក្រុមបក្សចំនួន ២ ៨៣៨ ។

ជាមួយគ្នានោះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក ក៏បានដាក់ចេញនូវទិសដៅការងារបន្ដឆ្នាំ២០២៦ ជាមួយនឹងការប្ដេជ្ញាបំពេញការងារជូនគណបក្សឱ្យអស់លទ្ធភាពសំដៅសម្រេចឱ្យបាននូវការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្រ របស់គណបក្សគឺ “ខិតខំរក្សា និងបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតគ្រប់ដំណាក់កាល” ។
បន្ទាប់ពីបានស្ដាប់របាយការណ៍នៃស្រុកទាំងពីររួចមក លោក ឆាយ ឫទ្ធិសែន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងល្អប្រសើរនាពេលកន្លងមក រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការងារចិញ្ចឹមចលនាបក្ស និងការកើនឡើងនូវសមាជិកគណបក្សជាលំដាប់ ដែលធ្វើឱ្យគណបក្សមានភាពរឹងមាំ មានប្រជាប្រិយភាព និងទទួលជ័យជម្នះក្នុងការបោះឆ្នោតគ្រប់ៗអាណត្តិ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាផ្សេងទៀត ជូនចំពោះអង្គពិធី។
លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ជូនអង្គពិធីអំពីការអភិវឌ្ឍ លើគ្រប់វិស័យ និងការកើនឡើង នូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស ទទួលបានជ័យជម្នះ តាមរយៈការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងតាមបែបប្រជាធិបតេយ្យ។

លោក ឆាយ ឫទ្ធិសែន បានមានប្រសាសន៍បន្ដទៀតថា ក្នុងបុព្វហេតុនៃការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត គឺការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។
ជាមួយនឹងការឯកភាពលើករបាយការណ៍លទ្ធផលការងារ និងទិសដៅការងារដែលគណបក្សស្រុកទាំងពីរបានលើកឡើង លោក ឆាយ ឫទ្ធិសែន បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់អនុវត្តការងារគណបក្ស ដើម្បីជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកនូវឧត្តមភាព បង្កើនប្រជាប្រិយភាព នៃគណបក្សឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ៕
