កាហ្វេ ១២៤៧តោន ត្រូវបានប្រមូលផលកាលពីឆ្នាំ២០២៥ នៅមណ្ឌលគិរី
មណ្ឌលគិរី៖ ផ្លែកាហ្វេប្រមាណ ១២៤៧តោន ត្រូវកសិករប្រមូលផលបានកាលពីឆ្នាំ២០២៥ កន្លងទៅ គ្រាដែលមន្ទីរកសិកម្មខេត្ត អះអាងថាទិន្នផលនេះ គឺបានដាំដុះលើផ្ទៃដីនៃចម្ការកាហ្វេអនុវត្តចំនួន ៦២៧ហិកតា។

ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ភេសជ្ជៈកាហ្វេ ត្រូវបានគេលើកឡើងថា កំពុងពេញនិយមខ្លាំង ហើយដំណាំកសិឧស្សាហកម្មប្រភេទនេះ ក៏មានតម្លៃគួរសមណាស់ដែរនៅលើទីផ្សារជាតិនិងអន្តរជាតិ។

តួយ៉ាង កសិកររស់នៅខេត្តមណ្ឌលគិរី ដោយសំលឹងឃើញនៃឱកាសស្វែងរកប្រាក់ចំណេញ ពួកគាត់បានងាក មកដាំដុះដំណាំកាហ្វេនេះច្រើនទៀតផង។

ក្នុងការសន្ទនាមួយជាមួយអ្នកសារព័ត៌មាន លោក ចាន់ ទិត្យ ម្ចាស់ចំការកាហ្វេ ទីតាំងនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានប្រាប់ថា ចំការរបស់គាត់ទើបប្រមូលផលឆ្នាំដំបូងប៉ុននោះ ដូច្នេះទិន្នផលហាក់នៅមិនទាន់ពេញលេញដូចចំការកាហ្វេដើមចាស់ៗទេ។

លោកថាចំការបស់គាត់ មានទំហំ១០ហិកតា តែគាត់បានដាំដំណាំកាហ្វេចំនួន៨ហិកតា ស្មើ៨ពាន់ដើម ហើយទិន្នផលរដូវកាលឆ្នាំ២០២៥-២០២៦នេះ គាត់ប្រមូលបាន៦០តោន ដែលក្នុងមួយគីឡូក្រាមលក់បានតម្លៃ៤៧០០៛ប្រភេទផ្លែកាហ្វេស្រស់តែម្តង ។

ម្ចាស់ចំការដដែលបានបន្តថា ចំពោះតម្លៃជិតប្រាំពាន់រៀលក្នុងមួយគីឡូក្រាមនេះ អាចចាត់ទុកថា ជាតម្លៃល្អព្រោះក្រៅពីទូទាត់ថ្លៃចំណាយនានា ទៅលើការថែទាំ គាត់នៅសល់ប្រាក់ចំណេញសម្រាប់បន្តការផ្តត់ផ្គង់លើចំការ និងអភិវឌ្ឍជីវភាពគ្រួសារ។

យោងតាមរបាយការណ៏របស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ នៅទូទាំងខេត្តមានចំការកាហ្វេអនុវត្តសរុបចំនួន៦២៧ហិកតា ដែលមានបរិមាណផលសរុបចំនួន ១ ២៤៧តោន ៕
ដោយ៖ ចាន់ បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
