លោក ប៉ែន បូណា ៖ ទាហានថៃ កំពុងបន្តបំផ្លាញផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល លើទឹកដីកម្ពុជា ឥតឈប់ឈរ
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ទាហានថៃ បាននិងកំពុងបន្ត បំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅលើទឹកដីកម្ពុជា ឥតឈប់ឈរ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាព ស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦លោក ប៉ែន បូណា បានថ្លែងថា ការបំផ្លិចបំផ្លាញ ផ្ទះពលរដ្ឋបានធ្វើឡើង ដោយការវាយប្រហារ សំដៅគោលដៅស៊ីវិល កាលពីក្នុងអំឡុងសង្គ្រាម ពេញបន្ទុក ចន្លោះពីថ្ងៃទី៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ ផង និងបន្តបំផ្លាញ ដោយកម្លាំងគ្រឿងចក្រ និងកម្លាំងមនុស្សក្រោយពេលបទឈប់បាញ់ចូលជាធរមាន ។
លោកបន្តថា លើសពីនេះ ទាហានថៃ ថែមទាំងបានព័ទ្ធយកដីធ្លី និងផ្ទះសម្បែង ប្រជាពលរដ្ឋខ្មែរជាច្រើន ហើយបាន និងកំពុងបំផ្លាញ ចោលជាបន្តបន្ទាប់ និងបានលួចប្លន់យក ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរ យ៉ាងអនាធិបតេយ្យបំផុត ។ អំពើនេះ បានធ្វើឱ្យបាត់បង់ និងខូចខាតធ្ងន់ធ្ងរ ដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការរាំងស្ទះ ដល់ការវិលត្រឡប់វិញ របស់ជនស៊ីវិលភៀសសឹក ទៅកាន់លំនៅឋាន របស់ពួកគេវិញ ដែលផ្ទុយពីស្មារតី នៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤ ៕
