ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ និងលោក ទៀ សីហា ចុះសួរសុខទុក្ខវីរកងទ័ព កំពុងព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ វីរយុទ្ធជន ការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ។

នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ និង នាយឧត្តមសេនីយ៍ ទៀ សីហា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភាភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិតឲ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនឡើងវិញ។

សម្តេច និងនាយឧត្តមសេនីយ៍ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់វីរកងទ័ពវីរនគរបាលដែលកំពុងសម្រាកព្យាបាល និងបានកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហានឈរជើង ការពារជាតិមាតុភូមិ និងការលះបង់ដើម្បីការពារបូរណភាពទឹកដីពីសំណាក់យោធាថៃ ។ សម្តេច និងនាយឧត្តមសេនីយ៍ ក៏បានផ្តល់អំណោយ ជូនមន្ទីរព្រះកេតុមាលា ដើម្បីបម្រើការក្នុងមន្ទីរពេទ្យជូនដល់យោធិន ក្រុមគ្រួសារយោធិន និងប្រជាជនទូទៅ ដែលមកសម្រាកព្យាបាលជំងឺ និងរបួស។

នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់ខ្លួនថា មិនដែលបោះបង់កងទ័ពណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ និងជំរុញឲ្យភាគីថៃគោរពឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ៕

To Top