ព័ត៌មានជាតិ

លោក ហង់ ជួនណារ៉ុន ៖ សម្តេចតេជោ និងសម្តេចធិបតី បានប្រឹងប្រែងអភិវឌ្ឍន៍ជាតិ និងការពារទឹកដី

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថ្លែងអំណរគុណ ជាខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន និងការពារដែនអធិបតេយ្យភាពកម្ពុជា។

ក្នុងពិធីសម្ពោធ និងចែកសញ្ញាបត្រដល់និស្សិតនៅសកលវិទ្យាល័យខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែមករា ឆ្នាំ០២៦ លោក ហង់ ជួនណារ៉ុន បានថ្លែងថា គ្រប់គ្នាត្រូវរួមសាមគ្គីគ្នា ចូលរួមចំណែកការពារបូរណភាពទឹកដីកម្ពុជាឲ្យបានគង់វង្ស ជាមួយថ្នាក់ដឹកនាំកម្ពុជា ។

រដ្ឋមន្រ្តីបន្តថា “ខ្ញុំសូមសម្តែងការថ្លែងអំណរគុណ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍកម្ពុជា ក៏ដូចជាការការពារនូវបូរណភាពទឹកដី”។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក៏មិនភ្លេចថ្លែងអំណរគុណដល់វីរកងទ័ពកម្ពុជាដែលបានពលីជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការការពារទឹកដីកម្ពុជា។
ដើម្បីចូលរួមចំណែកការពារ និងអភិវឌ្ឍន៍កម្ពុជា លោក ហង់ ជួនណារ៉ុន បានអំពាវនាវឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់បន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ជាពិសេសពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សា៕

To Top