រដ្ឋាភិបាលស៊ែប៊ី ផ្ដល់ជំនួយមនុស្សធម៌ ៥០ម៉ឺនដុល្លារ ដល់កម្ពុជា
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋស៊ែប៊ី សម្រាប់ជំនួយមនុស្សធម៌ សរុបជាទឹកប្រាក់ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី៥ មករា នេះ ថា ការចូលរួមចំណែកក្នុងកាលៈទេសៈនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសាមគ្គីភាព និងក្តីមេត្តា ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋស៊ែប៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋស៊ែប៊ី ចំពោះប្រជាជនកម្ពុជា ។ ការផ្តល់ជំនួយនេះក៏គូសបញ្ជាក់បន្ថែមទៀត នូវចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលបានផ្សាភ្ជាប់ប្រទេសយើងទាំងពីរ អស់រយៈពេលជិត ប្រាំពីរទសវត្សរ៍មកហើយ។
រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងដ៏យូរអង្វែង និងស្និទ្ធស្នាល ជាមួយសាធារណរដ្ឋស៊ែប៊ី និងបានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគី ស៊ែប៊ី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យដើម្បីជាប្រយោជន៍រួម និងវិបុលភាព របស់ប្រជាជនទាំងពីរ ៕

