លោក ប៉ែន បូណា ៖ ដៃម្ខាងរាជរដ្ឋាភិបាល ខំការពារទឹកដី និងម្ខាងទៀតខំធ្វើការងារការទូត
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា ពាក់ព័ន្ធទៅនឹងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានសម្រេចលទ្ធផលល្អរហូតដល់មានបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥កន្លងមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងយ៉ាងខ្លាំងដោយដៃម្ខាងការពារទឹកដី និងម្ខាងទៀតខំធ្វើការងារការទូតយ៉ាងសកម្ម។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា នៅតែខិតខំប្រឹងប្រែងដោយដៃម្ខាងការពារបូរណភាពទឹកដីទប់ទល់ជាមួយការរំលោភបំពាន និងដៃម្ខាងទៀតធ្វើការងារការទូតយ៉ាងសកម្មដើម្បីបញ្ឈប់សង្គ្រាម និងទាញមករកដំណោះស្រាយដោយសន្តិវិធីវិញ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា ការសម្រេចបានបទឈប់បាញ់ពីរលើក និងការឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ គឺជាលទ្ធផលជាក់ស្តែងដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលចង់បាន៕
