ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹកជាង ៧ពាន់នាក់ទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៧.៨៦៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះ មកដល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបប្រមាណ៤សែន៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ខណៈពលរដ្ឋភៀសសឹកចំនួន១៧៨.៨៩៤នាក់ បន្តស្នាក់នៅជំរំ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានតាមដាន និងកត់សម្គាល់ទុកថា នាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៦ ភាគីថៃបន្តបង្ហោះដ្រូន រំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងនោះនៅខេត្តពោធិ៍សាត់ មាន២គ្រឿង និង ខេត្តព្រះវិហារ មាន២៥គ្រឿង។
ជារួម មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍ នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។
ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងពលរដ្ឋភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញ នូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់ សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន៕
