ព័ត៌មានអន្តរជាតិ

សមាជិកសភា សហភាពអឺរ៉ុប ៣៧ រូបជំរុញឱ្យប្លុកនេះថ្កោលទោស សកម្មភាពយោធារបស់អាមេរិក ប្រឆាំងនឹងវេណេស៊ុយអេឡា

រ៉ូម ៖ សមាជិកសភាអឺរ៉ុប (MEP) ចំនួន ៣៧ រូបថ្មីៗនេះបានផ្ញើលិខិតរួមគ្នាទៅកាន់ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ដោយជំរុញឱ្យសហភាពអឺរ៉ុប ថ្កោលទោសសកម្មភាពយោធា របស់សហរដ្ឋអាមេរិកប្រឆាំង នឹងប្រទេសវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលីនៅថ្ងៃចន្ទ សមាជិកសភាអឺរ៉ុបលោក Danilo Della Valle បានឲ្យដឹងថា លិខិតនេះត្រូវបានផ្ញើទៅកាន់ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Kaja Kallas ដោយអំពាវនាវ ឱ្យសហភាពអឺរ៉ុប មានជំហរច្បាស់លាស់ប្រឆាំង នឹងប្រតិបត្តិការយោធាថ្មីៗនេះ របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងប្រទេសវេណេស៊ុយអេឡា។

លោក Della Valle បានឲ្យដឹងថា សកម្មភាពនេះ “រំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ និងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ” ដោយព្រមានថា វាអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យភាពតានតឹង នៅអាមេរិកឡាទីនកាន់តែធ្ងន់ធ្ងរ។

លោកបានបន្ថែមថា សហភាពអឺរ៉ុប ក្នុងនាមជាអ្នកតស៊ូមតិដ៏សំខាន់នៃពហុភាគីនិយម និងនីតិរដ្ឋអន្តរជាតិ គួរតែបង្ហាញជំហរច្បាស់លាស់ និងឯកភាពលើបញ្ហានេះ ។ គិតត្រឹមពេលនេះ ទាំងគណៈកម្មការអឺរ៉ុប និងសេវាសកម្មភាពខាងក្រៅអឺរ៉ុប មិនទាន់បានឆ្លើយតប ជាសាធារណៈចំពោះលិខិតនេះនៅឡើយទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top