ព័ត៌មានជាតិ

សម្តេច ឃួន សុដារី អំពាវនាវ ពលរដ្ឋប្រែ ក្លាយការឈឺ ចាប់ពីការឈ្លានពាន របស់បរទេស ទៅជាឱកាស នៃការពង្រឹងខ្លួន គ្រប់វិស័យ ដើម្បីជំរុញការ អភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់យុវជន ដែលជាកម្លំាងស្នូលរបស់ប្រទេសជាតិ ក៏ដូចជាពលរដ្ឋទូទៅ ប្រែក្លាយឱកាសឈឺ ចាប់ពីការឈ្លានពាន របស់ប្រទេសថៃ លើអធិបតេយ្យកម្ពុជា ជាឱកាសក្នុងការពង្រឹង ចំណេះដឹង ពង្រឹងសមត្ថភាព ពង្រឹងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍ ប្រទេសជាតិ ឱ្យមានការរីកចម្រើន ជឿនលឿន ទៅមុខបន្ថែមទៀត។

សម្តេច បានគូសបញ្ជាក់ថា «នៅគ្រាលំបាកនេះ យើងមិនត្រូវដេកដួលតាមសភាពការណ៍នោះឡើយ។ មានន័យថា អ្នកត្រូវសិក្សា ត្រូវខិតខំសិក្សារៀន សូត្រ ឱ្យកាន់តែខ្លំាង អ្នកប្រកបអាជីវកម្មរកទទួលទាន ត្រូវខិតខំពង្រីកចង្វាក់ផលិតកម្ម របស់ខ្លួន ធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើន ឆាប់រហ័សទៅមុខ»។

ការអំពាវនាវរបស់ សម្តេចប្រធានរដ្ឋសភា បានធ្វើឡើង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញទទួលអំណោយ សប្បុរសធម៌ពី លោក ម៉ៃ ចាន់នាង អគ្គនាយកក្រុមហ៊ុន Oudon Express រួមមានថវិកា១លានរៀល អង្ករ២តោន ទឹកបរិសុទ្ធ៥០កេស មី៥០កេស នំ៦កេសធំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ សម្តេចប្រធានរដ្ឋសភា ដើម្បីចែកជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក។

សម្តេច បានលើកទឹកចិត្ត លោក ម៉ៃ ចាន់នាង និងសហការីទំាងអស់ដែលជាយុវជន ក៏ដូចជាអ្នកវិនិយោគក្នុងស្រុកទំាងអស់ បន្តខិតខំប្រែក្លាយឱកាសឈឺចាប់ដែលកម្ពុជាកំពុងជួបប្រទះនេះ ក្លាយជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹង ពង្រីកមុខរបរ ឬអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែសម្បូរបែបឡើង ផ្គត់ផ្គង់តម្រូវការក្នុង ស្រុកជំនួសរាល់ផលិតផលនាំចូល ។ ការផលិតបាននូវផលិតផលដែលជាតម្រូវការរបស់ប្រជាពលរដ្ឋមិនត្រឹមជួយឱ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិចម្រើនប៉ុណ្ណោះទេ ថែមទំាងធ្វើឱ្យកម្ពុជា មានឯករាជ្យ និងម្ចាស់ការលើគ្រប់វិស័យ។ សម្តេច បានសង្កត់ធ្ងន់ថា «សូមយើងទំាងអស់គ្នា ប្តូរការឈឺចាប់ របស់យើងនាពេលនេះ ទៅជាភាពរឹងមាំនិងធន់របស់ជាតិយើង»។

ក្នុងឱកាសនោះ សម្តេច បានលើកឡើងពីយុទ្ធសាស្រ្ត ក្នុងការដោះស្រាយបញ្ហា ដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល ដែលបន្តអនុវត្តនូវគោលការណ៍ ស្ងាត់តែមិនស្ងៀម ។ សម្តេច លើកឡើងថាទោះបីពេលនេះ បទឈប់បាញ់បានកំពុងអនុវត្ត យ៉ាងណាក្តី តែយើងត្រូវការការឧបត្ថម្ភគាំទ្រ ទាំងស្មារតីនិង សម្ភារជូនវីរយុទ្ធជន និងគ្រួសាររបស់គាត់ជាបន្តទៀត៕

To Top