ការទាមទារប្តូរ ថ្ងៃឈប់សម្រាក ប្រចាំឆ្នាំជាថវិកា មិនត្រឹមត្រូវ តាមច្បាប់
ភ្នំពេញ ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការទាមទារប្តូរការឈប់ សម្រាកប្រចាំឆ្នាំជាថវិកា មិនមានចែងក្នុងច្បាប់នោះឡើយ។

លោកស៊ុន មេសា៖ “យោងតាមកថា ខណ្ឌទី៣ មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ «អនុសញ្ញារួមណាដែលមានគ្រោង ឱ្យប្រាក់បំណាច់ ដើម្បីទូទាត់សម្រាប់ជួសការឈប់សម្រាក ព្រមទាំងការព្រមព្រៀង ស្តីពីការបោះបង់ ឬមិនព្រមប្រើសិទ្ធិឈប់ សម្រាកប្រចាំឆ្នាំត្រូវទុក ជាមោឃហើយគ្មានហេតុផល អ្វីទាំងអស់» មានន័យថា ការឈប់សម្រាកប្រចាំឆ្នាំ ដែលមានប្រាក់ឈ្នួលមិន អាចទូទាត់ជាប្រាក់បានទេ”។
លោកបន្ថែមថា ការឈប់សម្រាក ប្រចាំឆ្នាំចំនួន១៨ថ្ងៃ ក្នុងមួយឆ្នាំគឺជាពេលវេលាមួយ ដែលតម្រូវឱ្យកម្មករនិយោជិត ធ្វើការឈប់សម្រាក ដើម្បីថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត គឺមិនអាចទាមទារឱ្យមានការទូទាត់ ជាប្រាក់នៅពេល ដែលកម្មករនិយោជិត កំពុងធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ បានទេ តែអាចទូទាត់ជាប្រាក់ បាននៅពេលរំលាយកិច្ចសន្យាការងារ (បញ្ឈប់ពីការងារ)។

ការបញ្ជាក់នេះ គឺធ្វើឡើងក្រោយពេលដែលបងប្អូនកម្មករនិយោជិត នៃរោងចក្រញូ ថាហ្គេតដែលមានទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលចង់ប្តូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាថវិកា៕
