លោក ម៉េង ស្រ៊ុន បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកនូវថវិការ សម្ភារៈគ្រឿងឧបភោគបរិភោគ ជូនដល់លោក ព្រឹន្ទបាលឯក ឃឹម ថុល វីរៈកងទ័ពឈរជើងសមរភូមិជួរមុខ ទិសតាថាវ ខេត្តព្រះវិហារ
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស និងយកគំរូដឹកនាំប្រកបដោយគុណធម៏របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ព្រមទាំងមានចូលរួមពីក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកនូវថវិការ សម្ភារៈគ្រឿងឧបភោគបរិភោគ ជូនដល់លោក ព្រឹន្ទបាលឯក ឃឹម ថុល វីរៈកងទ័ពឈរជើងសមរភូមិជួរមុខ ទិសតាថាវ ខេត្តព្រះវិហារ ដែលបានរងគ្រោះដោយសារផ្សែងពុល កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជាទឹកចិត្តទឹក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភជាថវិការផ្ទាល់ខ្លួន ចំនួន ១,០០០,០០០ រៀល(មួយលានរៀល) ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ ៣បាវ,មីជាតិ ៣កេស,ទឹកសុទ្ធ ៣កេស,ទឹកក្រូច ៣កេស,ទឹកត្រី ៣យួរ និងទឹកស៊ីអ៉ីវ ៣យួរ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលនិងប្រជាការពារភូមិ ចំនួន ៥នាក់ សរុបចំនួន ១០០,០០០រៀលផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានការអញ្ជើញចូលរួមចុះសួរសុខទុក្ខពីសំណាក់ លោក ទួន ផាវ បាននាំយកនូវអំណោយជាសម្ភារៈដែលសប្បុរសជន ក្នុងមូលដ្ឋានបានចូលរួមសហការគ្នាឧបត្ថម្ភដល់វីរះកងទ័ព លោក ព្រឹន្ទបាលឯក ឃឹម ថុល រួមមានថវិការចំនួន ១០០,០០០រៀល,អង្ករ ១បេ(៥០គីឡូក្រាម),មី ១កេស,ទឹកបរិសុទ្ធវីតាល ១កេស,ទឹកត្រី ១យួរ និងទឹកស៊ីអ៉ីវ ១យួរថែមទៀតផង។

ឆ្លៀតក្នុងពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ចំពោះវីរៈកងទ័ព លោកព្រឹន្ទបាលឯក ឃឹម ថុល ព្រមទាំងកម្លាំងជួរមុខទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ហើយជាចុងក្រោយក៏បានជូនពរឲ្យឆាប់បានជាសះស្បើយ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល៕





