ព័ត៌មានជាតិ

“សួនច្បារព្រះនរោត្តមសីហនុ” នៅបារាំង ដាក់ព្រះរាជពិធីសម្ពោធជាផ្លូវការ

ភ្នំពេញ ៖ “សួនច្បារព្រះនរោត្តម សីហនុ” នៅទីក្រុងហ្វែរអង់ ទែដឺណង់ (Fère-en-Tardenois) នៃសាធារណរដ្ឋបារាំង ត្រូវបានដាក់ព្រះរាជពិធីសម្ពោធ ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ។

ព្រះរាជពិធីសម្ពោធនេះ ប្រព្រឹត្តទៅក្រោមព្រះរាជវត្តមាន សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា ។

ការប្រសិទ្ធនាម «សួនច្បារព្រះនរោត្តម សីហនុ» នៅទីក្រុងហ្វែរអង់ ទែដឺណង់នេះ គឺជាការរំលឹកដល់ចំណងមិត្តភាព ជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា និងឃុំ ហ្វែរអង់ ទែដឺណង់ ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រីកម្ពុជា ។ ជំនួបនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កិច្ចចរចារបន្តបន្ទាប់ រហូតឈានទៅរកកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍ និងស្តារសន្តិភាពឡើងវិញនៅកម្ពុជា ។

ការបើកឧទ្យាន «ព្រះនរោត្តម សីហនុ» គឺជាការគោរពនិងឧទ្ទិសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ថ្វាយចំពោះព្រះរាជតួនាទីដ៏សំខាន់របស់សម្តេចព្រះបិតាឯករាជ្យជាតិ និងបង្រួបបង្រួមជាតិ ប្រកបដោយព្រះរាជទេពកោសល្យ ប៉ិនប្រសប់ក្នុងកិច្ចការទូត អន្តរជាតិរបស់ព្រះអង្គ ព្រមទាំងបញ្ជាក់អំពីមិត្តភាព យូរអង្វែងរវាងកម្ពុជា-បារាំង។

គំនិតផ្តួចផ្តើមនេះ ក៏ជានិមិត្តរូបនៃការប្តេជ្ញារួមគ្នា ចំពោះសន្តិភាព វប្បធម៌នៃការសន្ទនា និងការផ្សះផ្សា ដែលជាគុណតម្លៃដ៏សំខាន់ធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រនៃដំណើរឆ្ពោះទៅរកសន្តិភាព របស់កម្ពុជា៕

To Top