ព័ត៌មានអន្តរជាតិ

ប្រេស៊ីល និងម៉ិកស៊ិក​ រួមគ្នាថ្កោលទោស ការវាយប្រហារ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវេណេស៊ុយអេឡា

សៅប៉ូឡូ ៖​ ប្រេស៊ីល និងម៉ិកស៊ិក​ បានរួមគ្នាថ្កោលទោសការវាយប្រហារថ្មីៗ របស់សហរដ្ឋអាមេរិកលើអធិបតេយ្យភាព របស់ប្រទេសវេណេស៊ុយអេឡា និងបានច្រានចោលគំនិតណាមួយ នៃការបែងចែកពិភពលោក ទៅជាវិស័យឥទ្ធិពល នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីប្រេស៊ីល។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងសមភាគីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានធ្វើការសន្ទនាតាមទូរស័ព្ទ​ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេស វេណេស៊ុយអេឡា បន្ទាប់ពីសហរដ្ឋអាមេរិក​ បានបើកការវាយឆ្មក់ នៅក្នុងប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ដោយចាប់ខ្លួនប្រធានាធិបតី ប្រទេសនេះ លោក នីកូឡាស​ ម៉ាឌូរ៉ូ​ និងភរិយារបស់លោក មុនពេលដាក់ពួកគេនៅក្នុងពន្ធនាគារ នៅទីក្រុងញូវយ៉ក។

សេចក្តីថ្លែងការណ៍បានឧ្យដឹងថា “ខណៈដែលបដិសេធការវាយប្រហារ លើអធិបតេយ្យភាពរបស់ប្រទេសវេណេស៊ុយអេឡា មេដឹកនាំទាំងពីរ​ បានបដិសេធចក្ខុវិស័យហួសសម័យណាមួយ ដែលអាចបង្កប់ន័យពីការ បែងចែកពិភពលោកទៅជាតំបន់ឥទ្ធិពល។ នៅក្នុងបរិបទនេះ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងពាណិជ្ជកម្មសេរី”។

លោក Lula និងលោកស្រី​ Sheinbaum ដែលជាប្រមុខ នៃសេដ្ឋកិច្ចធំជាងគេទាំងពីរនៅអាមេរិកឡាទីន បានសម្តែងការត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តសហការជាមួយប្រទេស វេណេស៊ុយអេឡា ដើម្បីគាំទ្រដល់សន្តិភាព ការសន្ទនា និងស្ថិរភាពនៅក្នុងប្រទេស និងតំបន់ទូលំទូលាយ៕

To Top