លោក ដូណាល់ ត្រាំ គំរាមវាយប្រហារអ៊ីរ៉ង់ ក្នុងកម្រិតខ្លាំងបំផុត
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារអ៊ីរ៉ង់ «យ៉ាងខ្លាំង» ប្រសិនបើអាជ្ញាធររបស់ខ្លួន ចាប់ផ្តើមសម្លាប់មនុស្ស ដែលកំពុងតវ៉ានៅក្នុងប្រទេសមជ្ឈិមបូព៌ា។
លោក ត្រាំ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុអភិរក្សនិយមមួយថា «ខ្ញុំបានឲ្យពួកគេដឹងថា ប្រសិនបើពួកគេចាប់ផ្តើមសម្លាប់មនុស្ស យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំង»។
លោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀត ថ្មីៗនេះបានព្រមានជាច្រើនលើកថា ទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការ ប្រសិនបើអ៊ីរ៉ង់ «សម្លាប់អ្នកតវ៉ាដែលកំពុងតវ៉ាដោយសន្តិវិធី»។
កាលពីថ្ងៃពុធ ក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោលទោសអ្វីដែលខ្លួនពិពណ៌នាថាជាការកត់សម្គាល់ «អន្តរាគមន៍ និងបោកប្រាស់» ដោយរដ្ឋបាលលោក ត្រាំ លើភាពចលាចលថ្មីៗនេះនៅក្នុងប្រទេស ដោយថា ពួកគេបានឆ្លុះបញ្ចាំងពីអរិភាពជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រជាជនអ៊ីរ៉ង់។
ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអត្ថាធិប្បាយរបស់សហរដ្ឋអាមេរិក លើកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ គឺជាផ្នែកមួយ នៃគោលនយោបាយសម្ពាធ និងការជ្រៀតជ្រែកយូរអង្វែង ជាជាងការព្រួយបារម្ភពិតប្រាកដ ចំពោះសុខុមាលភាពរបស់ប្រជាជនអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
