ព័ត៌មានជាតិ

ពីកង់១គ្រឿង ទៅកាន់អនាគតល្អប្រសើរដល់មួយគ្រួសារ

ក្រុងរុនតាឯក៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាតានី ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតឯក ក្រុងរុនតាឯកតេជោសែន មានរៀបចំពិធីប្រគល់អំណោយកង់ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលជូនដល់ដល់សិស្សានុសិស្ស។

លោក វុត សត្រា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងរុនតាឯកតេជោសែន បានថ្លែងនូវការដឹងគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយសម្របសម្រួលជាមួយCFRDក្នុងការផ្តល់នូវអំណោយដ៏មានតម្លៃបំពេញបាននូវតម្រូវការចាំបាច់ដល់ប្រជាជននៅនឹងមូលដ្ឋាន។ លោកបន្ថែមថា កង់នេះបានផ្តល់នូវក្តីសង្ឃឹម ក្តីរំពឹងខ្ពស់ដល់ក្រុមគ្រួសារ និងសិស្សផ្ទាល់ក្នុងការប្រឹងប្រែងសិក្សារៀនសូត្រ។

ក្នុងនាមគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល លោកស្រី ហួរ លីណា នាយិកាសាលាបឋមសិក្សាតានីបានថ្លែងដោយក្តីរំជួលចិត្តថា វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានជួយរួមចំណែកយ៉ាងសកម្មដោយរាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ បណ្ណាល័យ កញ្ចប់Panda ហើយថ្ងៃនេះទទួលបាននូវអំណោយកង់ដោយបានជួយដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក ជាពិសេសសិស្សដែលរស់នៅឆ្ងាយពីសាលារៀន ដើម្បីកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ បង្កើនការចូលរួមសិក្សាទៀងទាត់ និងកាត់បន្ថយអត្រាឈប់រៀនមុនកំណត់។

ក្នុងនាមជាអន្តរការីលើការជួយជំនួយនេះដល់សាលាបឋមសិក្សាតានី លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានថ្លែងថាអំណោយកង់ទាំងនេះ ត្រូវបានចាត់ទុកថាជាកម្លាំងចិត្ត និងជាឧបករណ៍សំខាន់មួយ ក្នុងការជួយសិស្សបន្តការសិក្សាបានដោយទំនុកចិត្ត និងសុវត្ថិភាព ហើយកង់នេះបានជួយដល់គ្រួសាររបស់សិស្សនៅក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយលោកក៏បានស្នើសុំឱ្យវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងភាគីមូលនិធិចិន CFRD បន្តគាំទ្រសកម្មភាពមនុស្សធម៌ និងវិស័យអប់រំនៅក្នុងក្រុងរុនតាឯកតេជោសែន ក្នុងស្រុកបន្ទាយស្រី និងជាពិសេសរួមចំណែកក្នុងការកសាងអនាគតដ៏រីកចម្រើន និងចីរភាពសម្រាប់កុមារកម្ពុជា៕

To Top