ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ​ មិនទាន់ត្រូវបានជូនដំណឹងជាផ្លូវការ​ អំពីការសម្រេចចិត្តរបស់អាមេរិកក្នុងការដកខ្លួនចេញ ពីអង្គភាពអង្គការសហប្រជាជាតិនៅឡើយទេ

អង្គការសហប្រជាជាតិ៖ អង្គការសហប្រជាជាតិ​ មិនទាន់ត្រូវបានជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក​ ក្នុងការដកខ្លួនចេញពីអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១​ នៅឡើយទេ នេះបើយោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយនៅពេលដែលត្រូវបានសួរថាតើអង្គការសហប្រជាជាតិត្រូវបានជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដកខ្លួនចេញពីអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១​ ដែរឬទេ។

យោងតាមអនុស្សរណៈប្រធានាធិបតី​ ដែលចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក​ នឹងដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន ៦៦។

អនុស្សរណៈនេះអនុវត្តចំពោះអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១​ និងអង្គភាពមិនមែនអង្គការសហប្រជាជាតិចំនួន ៣៥​ ដែលសេតវិមានបានឧ្យដឹងថា “លែងបម្រើផលប្រយោជន៍អាមេរិកទៀតហើយ”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយអ្នកនាំពាក្យនៅថ្ងៃព្រហស្បតិ៍ ប្រមុខអង្គការសហប្រជាជាតិ​ បានសម្ដែងការសោកស្តាយ​ ចំពោះការប្រកាសរបស់សេតវិមានទាក់ទងនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក​ ក្នុងការដកខ្លួនចេញពីអង្គភាពអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា “ដូចដែលយើងបានគូសបញ្ជាក់ជាប់លាប់ ការវាយតម្លៃការចូលរួមវិភាគទាន​ ចំពោះថវិកាធម្មតារបស់អង្គការសហប្រជាជាតិ និងថវិការក្សាសន្តិភាព ដូចដែលត្រូវបានអនុម័តដោយមហាសន្និបាត គឺជាកាតព្វកិច្ចផ្លូវច្បាប់ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ​ សម្រាប់រដ្ឋជាសមាជិកទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top