សម្តេចធិបតី សង្ឃឹមថា អាម៉េរិក នឹងបន្តជំរុញឱ្យកម្ពុជា-ថៃ អនុវត្តពេញលេញសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួម លើកទី៣GBC
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា សហរដ្ឋអាម៉េរិក នឹងបន្តជំរុញភាគីទាំងពីរ (កម្ពុជា-ថៃ) ក្នុងការអនុវត្តឱ្យបានពេញលេញ នូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
ការបង្ហាញក្តីសង្ឃឹមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព ។
ក្នុងជំនួបនេះ លោក DeSombre បានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេសប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។
លោក DeSombre បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិក បន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែង រវាងកម្ពុជានិងថៃ និងបានប្រកាសថា សហរដ្ឋអាម៉េរិក នឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រ ដល់ជនភៀសសឹក នៅព្រំដែនប្រទេសទាំងពីរ (កម្ពុជា-ថៃ) និងចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។
ជាមួយគ្នានេះសម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជា តែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់ខ្ជាប់ ការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ។
សម្តេចធិបតី សង្ឃឹមថា សហរដ្ឋអាម៉េរិក នឹងបន្តជំរុញភាគីទាំងពីរ (កម្ពុជា-ថៃ) ក្នុងការអនុវត្តឱ្យបានពេញលេញ នូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការអនុញ្ញាត ជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសុវត្ថិភាព ដោយគា្មនការរារាំង និងការបន្តឡើងវិញ នូវការងាររបស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក ក្នុងការចុះវាស់វែង និងខណ្ឌសីមាព្រំដែនគោក រវាងប្រទេសទាំងពីរ ដើម្បីជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព យូរអង្វែងរវាងកម្ពុជា និងថៃ។
បន្ថែមលើនេះ លោក DeSombre បានប្រកាសថា សហរដ្ឋអាម៉េរិក នឹងផ្តល់ជំនួយ ចំនួន១០លានដុល្លារ សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល









