រីហ្គា៖ ការតវ៉ាប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក នៅវេណេស៊ុយអេឡាបានធ្វើឡើងនៅថ្ងៃសុក្រនៅមុខប្រាសាទរីហ្គា ដោយក្រុមបាតុករកាន់ទង់ជាតិនៃប្រទេសវេណេស៊ុយអេឡា ឡាតវី សហភាពអឺរ៉ុប និងអ៊ុយក្រែន។
អ្នកចូលរួមបានស្រែកពាក្យស្លោកដូចជា “លែងដៃពីវេណេស៊ុយអេឡា!” “ប្រធានាធិបតី ចាប់យកឱកាស ចងចាំតួនាទីរបស់អ្នក!” និង “សហរដ្ឋអាមេរិកកំពុងធ្វើអាណានិគម អឺរ៉ុបកំពុងមិនអើពើ!” ក្រុមបាតុករក៏បានកាន់ផ្ទាំងរូបភាព ដែលសរសេរថា “តើច្បាប់អន្តរជាតិនៅឯណា?” និង “តើអ្នកណានឹងជាអ្នកបន្ទាប់? កូឡុំប៊ី? ហ្គ្រីនឡែន?”
មន្ត្រីអនុវត្តច្បាប់មានវត្តមាននៅកន្លែងកើតហេតុ ដើម្បីតាមដានព្រឹត្តិការណ៍នេះ។
ការតវ៉ានេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសហគមន៍ Maiznica និងគាំទ្រដោយអង្គការយុវជន Protest and Young European Federalists។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នករៀបចំបានឧ្យដឹងថា បាតុកម្មនេះមានគោលបំណងថ្កោលទោសអ្វីដែលពួកគេបានពិពណ៌នាថាជា “ការឈ្លានពានរបស់ចក្រពត្តិនិយមអាមេរិក ប្រឆាំងនឹងវេណេស៊ុយអេឡា” និងអំពាវនាវឱ្យរដ្ឋាភិបាលឡាតវី អនុវត្តច្បាប់អន្តរជាតិស្មើៗគ្នា ចំពោះប្រទេសទាំងអស់។
ចលនានេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំមួយនៅក្នុងប្រទេសវេណេស៊ុយអេឡានៅថ្ងៃទី៣ ខែមករា ដោយបានចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ នៃប្រទេសដែលសម្បូរប្រេងនៅអាមេរិកខាងត្បូង និងភរិយារបស់លោក មុនពេលដាក់ពួកគេនៅក្នុងពន្ធនាគារនៅទីក្រុងញូវយ៉ក ដែលទាក់ទាញការថ្កោលទោស និងការព្រួយបារម្ភទូទាំងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
