សម្តេចធិបតី៖ រាជរដ្ឋាភិបាល កំពុងវាយតម្លៃលើទិដ្ឋភាពសំខាន់ៗ៣ ជំរុញដល់ការស្តារជីវភាពរបស់ពលរដ្ឋភៀសសឹក
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីជំរុញដល់ការស្តារឡើងវិញ នូវជីវភាពរបស់ពលរដ្ឋភៀសសឹក ដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន រាជរដ្ឋាភិបាល បាននិងកំពុងវាយតម្លៃ ទៅលើទិដ្ឋភាពសំខាន់ៗ៣ គឺ ផលប៉ះពាល់ទៅលើផលដំណាំ, ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់ នូវសេវាសាធារណៈចាំបាច់ ។
តាមរយៈសារពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពីវិធានការដោះស្រាយ របស់រាជរដ្ឋាភិបាល ចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងសម្របសម្រួល ឱ្យបងប្អូនជនភៀសសឹក អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ។
ក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីនកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC បាននិងកំពុងខិតខំយ៉ាងសកម្ម នៅក្នុងការបោសសម្អាត អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះមានសុវត្ថិភាព មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹក វិលត្រឡប់ទៅទីតាំងទាំងនោះវិញ ដើម្បីធានាបានសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ។
ក្នុងឱកាសនោះ សម្តេចធិបតី បានធ្វើការអំពាវនាវ ដល់បងប្អូនជនភៀសសឹកទាំងអស់ បន្តសហការឱ្យបានស្អិតរមួត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងយោគយល់ចំពោះការរងចាំ វិលត្រឡប់ទៅកាន់ លំនៅឋានរបស់បងប្អូនវិញ ខណៈដែលការបោសស្អាត យុទ្ធភណ្ឌមិនទាន់ផ្ទុះ កំពុងបន្តអនុវត្ត ។
ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ជាមួយនឹងការសម្រួលដល់ការវិលត្រឡប់ ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារចំពោះកិច្ច រៀបចំនិងគ្រប់គ្រង ការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ពីជម្លោះព្រំដែនកម្ពុជា-ថៃ ។ ក្រុមការងារចំពោះកិច្ចនេះ បាននិងកំពុងចុះបំពេញភារកិច្ច នៅតាមបណ្តាខេត្ត ដែលរងផលប៉ះពាល់ទាំងអស់ ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ និងសេចត្រូវការ ដើម្បីដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ សម្រាប់គាំពារជីវភាពរស់នៅ បងប្អូនជនភៀសសឹក នៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ សំដៅស្តារជីវភាព និងជំរុញដំណើរការសកម្មភាពរស់នៅ ប្រចាំថ្ងៃឡើងវិញ ឱ្យបានឆាប់រហ័ស ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ទន្ទឹមនឹងនេះ ដើម្បីជំរុញដល់ការស្តារឡើងវិញ ជីវភាពរបស់ប្អូន រាជរដ្ឋាភិបាល បាននិងកំពុងវាយតម្លៃជាបណ្តើរៗ ទៅលើទិដ្ឋភាពសំខាន់ៗ៣ គឺ ទី១ផលប៉ះពាល់ទៅលើផលដំណាំ ទី២ស្ថានភាពបំណុល និងទី៣ ការស្តារឡើងវិញជាបន្ទាន់ នូវសេវាសាធារណៈចាំបាច់ ជាពិសេសបណ្តាញទឹកស្អាត អគ្គិសនី និងទូរគមាគមន៍ រួមទាំងបណ្តាញដែលស្ថិតនៅក្រោម ការវិនិយោគរបស់ប្រតិបត្តិករឯកជន”៕
ដោយ៖ ដារាត់| ដើមអម្ពិល
