ព័ត៌មានអន្តរជាតិ

កាសែតអាមេរិក New York Times ផ្សាយថា លោក Trump កំពុងពិចារណាវាយប្រហារថ្មីលើអ៊ីរ៉ង់

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងពីលទ្ធភាពនៃការបញ្ជាឱ្យវាយប្រហារថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបរបស់រដ្ឋាភិបាលអ៊ីរ៉ង់លើការតវ៉ា និងកុបកម្មដែលបង្កឡើងដោយអតិផរណាកើនឡើងខ្ពស់, នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលស៊ាំនឹងការពិភាក្សាទាំងនោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមកាសែត New York Times គឺលោក ត្រាំ ត្រូវបានជូនដំណឹងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះអំពីជម្រើសវាយប្រហារជាច្រើន រួមទាំងការវាយប្រហារលើគោលដៅមិនមែនយោធានៅទីក្រុងតេហេរ៉ង់ ប៉ុន្តែមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ ប្រធានាធិបតីអាមេរិក បានចេញការគំរាមកំហែងជាច្រើនប្រឆាំងនឹងអ៊ីរ៉ង់កាលពីអតីតកាល និងបានសម្តែងការគាំទ្រជាសាធារណៈចំពោះក្រុមបាតុករនៅថ្ងៃសៅរ៍។

លោក ត្រាំ បានសរសេរនៅលើវេទិកា Truth Social របស់លោកថា “អ៊ីរ៉ង់កំពុងសម្លឹងមើលសេរីភាព ប្រហែលជាមិនដូចពីមុនទេ។ សហរដ្ឋអាមេរិកត្រៀមខ្លួនជួយ!!!”។

ការតវ៉ា​បាន​ផ្ទុះឡើង​នៅ​អ៊ីរ៉ង់​នៅ​ថ្ងៃទី ២៨ ខែធ្នូ បន្ទាប់ពី​ការ​ធ្លាក់ចុះ​នៃ​រូបិយប័ណ្ណ​ជាតិ​បាន​នាំ​ឱ្យ​មាន​ការកើនឡើង​យ៉ាងខ្លាំង​នៃ​តម្លៃ​អាហារ និង​ទំនិញ​សំខាន់ៗ​ផ្សេងទៀត។ ការតវ៉ា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ទៅជា​ភាពចលាចល​យ៉ាង​ទូលំទូលាយ ដោយ​ក្រុម​កុបកម្ម​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស និង​វាយប្រហារ​ស្ថាប័ន​រដ្ឋាភិបាល​នៅ​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ដទៃទៀត។ អាជ្ញាធរ​អ៊ីរ៉ង់បាន​កាត់ផ្តាច់​ការតភ្ជាប់​អ៊ីនធឺណិត និង​ទូរស័ព្ទ​ទូទាំងប្រទេស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​អំពើហិង្សា។

អ៊ីរ៉ង់​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ថា​ ជា​អ្នក​ជំរុញ​ឱ្យ​មាន​ភាពចលាចល។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លិក Abbas Araghchi បាន​សរសេរ​នៅ​លើ X នៅ​ថ្ងៃ​សៅរ៍​ថា “ដោយ​ជឿថា​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​គឺ​ដូច​ប្រទេស​ដទៃទៀត​ដែរ សហរដ្ឋអាមេរិក​កំពុង​បន្ត​វិធានការ​ដូចគ្នា​ដោយ​លើកទឹកចិត្ត​បុគ្គល​មួយចំនួន​ឱ្យ​បង្កើត​ភាពវឹកវរ និង​កុបកម្ម”៕

ប្រែសម្រួលៈ ណៃ តុលា

To Top