ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល រំលេចពីភាពជោគជ័យ នៃការបំបែកកំណត់ត្រា វិនិយោគនៅកម្ពុជា រយៈពេល ២ឆ្នាំជាប់ៗគ្នា បង្កើតការងាររាប់ម៉ឺន កន្លែងជូនពលរដ្ឋ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌមានជ័យ បានរំលេចពីភាពជោគជ័យ នៃការបំបែកកំណត់ត្រាវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា បានបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង ជូនប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញជាអធិបតីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ព្រះវិហារថ្មី នៃវត្តចាក់អង្រែលើ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ លោកឧបនាយកមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំពេញ តួនាទីជាសេនាធិការដ៏មុតស្រួច ក្នុងការរៀបចំយុទ្ធសាស្ត្រទាក់ទាញ វិនិយោគិនពីគ្រប់ទិសទី។

លោកឧបនាយកមន្ត្រី ក៏បានរំលេចអំពីភាពជោគជ័យ នៃការបំបែកកំណត់ត្រាវិនិយោគ ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក ។ លំហូរទុនវិនិយោគដែលកើនឡើង ស្តែងឱ្យឃើញតាមរយៈការកើនឡើង នៃចំនួនគម្រោង វិនិយោគ ហើយបានបង្កើតឱកាសការងារ រាប់ម៉ឺនកន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជួយលើក កម្ពស់ជីវភាពគ្រួសារ និងជំរុញសេដ្ឋកិច្ចជាតិ ឱ្យមានសន្ទុះទៅមុខ។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានទាញចំណាប់អារម្មណ៍ អង្គពិធីទាំងមូលឱ្យងើបឈរឡើង ស្មឹងស្មាធ ដើម្បីសម្តែងនូវគារវភក្តីភាព និងការគោរពយ៉ាង ស្មោះស្ម័គ្របំផុត ចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ដែលបានបូជាជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ៕

To Top