ប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា អំពាវនាវឱ្យពលរដ្ឋ មានទំនុកចិត្តលើភាព ជាអ្នកដឹកនាំនយោបាយ
ការ៉ាកាស៖ ប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានឲ្យដឹងថា ប្រជាជនវេណេស៊ុយអេឡា ត្រូវតែជឿទុកចិត្តលើភាព ជាអ្នកដឹកនាំនយោបាយ របស់ពួកគេនៅចំពោះមុខសកម្មភាព ដែលអាចហាក់ដូចជា “ពិបាកយល់” ដោយសារតែភាពស្មុគស្មាញនៃបរិយាកាស នយោបាយវេណេស៊ុយអេឡាបច្ចុប្បន្ន ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោកស្រីក៏បានអំពាវនាវ ឱ្យមានឯកភាពជាតិ ដែលរួមបញ្ចូលទាំងគ្រប់វិស័យនយោបាយ និងសង្គមទាំងអស់ ។ ការកត់សម្គាល់ របស់លោកស្រី Rodriguez បានកើតឡើងជាងមួយសប្តាហ៍ បន្ទាប់ពីការវាយប្រហារ ដោយយោធា របស់សហរដ្ឋអាមេរិកប្រឆាំង នឹងប្រទេស អាមេរិកខាងត្បូងមួយនេះបានបណ្តាល ឱ្យមានមនុស្សស្លាប់យ៉ាង ហោចណាស់ ១០០ នាក់ និងនាំឱ្យមានការចាប់ខ្លួន ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក។
លោកស្រី Rodriguez បានបញ្ជាក់ជាថ្មីនូវសំណើរបស់លោកស្រី សម្រាប់ទំនុកចិត្តលើមេដឹកនាំនយោបាយ ដោយពន្យល់ថា “យុទ្ធសាស្ត្ររឹងមាំ” កំពុងត្រូវបានអនុវត្តប្រឆាំង នឹងសត្រូវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅថ្ងៃទី៧ ខែមករា រដ្ឋាភិបាលវេណេស៊ុយអេឡា បានប្រកាសពីការចរចា ដើម្បីបង្កើនការលក់ប្រេងទៅសហរដ្ឋអាមេរិក។ ពីរថ្ងៃក្រោយមក ខ្លួនបានប្រកាសពីការ សម្រេចចិត្តចាប់ផ្តើមដំណើរការការទូត “ស្វែងយល់” ជាមួយសេតវិមាន ដែលមានគោលបំណង ស្តារបេសកកម្មការទូត នៅក្នុងប្រទេសទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា
