ក្រុមការងារចំពោះកិច្ច កំពុងមមាញឹក ចុះវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធ ខូចខាតពីការបំផ្លាញរបស់ថៃ
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្រុមការងារ ចំពោះកិច្ចដែលរាជរដ្ឋាភិបាល បង្កើតឡើងកាលពីពេលថ្មីៗនេះ កំពុងមមាញឹក ចុះវាយតម្លៃស្ថានភាពជាក់ស្តែង នៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជា-ថៃ ដែលរងផលប៉ះពាល់ ពីការបំផ្លិចបំផ្លាញរបស់ក្រុមយោធាថៃ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយការទម្លាក់គ្រាប់បែករបស់ភាគីថៃ។
លោកបន្តថា បន្ទាប់ពីការបង្កើត បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ចនេះ កំពុងចុះវាយតម្លៃស្ថានភាពជាក់ស្តែង នៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលរងផលប៉ះពាល់ ដើម្បីដឹងពីទំហំ នៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជា ផលប៉ះពាល់ជាក់ស្តែងលើជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការ អន្តរាគមន៍ស្តារឡើងវិញ នូវជីវភាព របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលរងការខូចខាត ។
លោក ប៉ែន បូណា សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល តាមរយៈក្រុមការងារចំពោះកិច្ចកំពុងសិក្សានិងវាយតម្លៃលើផលប៉ះពាល់សំខាន់៣គឺ ផលប៉ះពាល់លើផលដំណាំ , ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់ នូវសេវាសាធារណៈចាំបាច់ ដូចជា ទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ជាដើម។ ក្រៅពីនោះ ការបោសសម្អាតកាកសំណល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក៏ជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋភៀសសឹក មុននឹងអនុញ្ញាត ឱ្យពួកគេវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ ភ្នាក់ងារសុខាភិបាល ក៏ត្រូវបានដាក់ពង្រាយនៅនឹងកន្លែង ដើម្បីជួយពិនិត្យសុខភាព និងព្យាបាលជំងឺ ជូនពលរដ្ឋភៀសសឹកផងដែរ៕
