ព័ត៌មានជាតិ

ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ១១លានដុល្លារ សម្រាប់ដោះមីន នៅខេត្តគោលដៅ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងជាង១១លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងដោះមីន នៅខេត្តគោលដៅចំនួន៣ ។

ខេត្តគោលដៅចំនួន៣នោះ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៦ដល់ថ្ងៃ១៥ ខែមករា ឆ្នាំ២០២៨។

ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេសដែលមានការចុះហត្ថលេខាលើកិច្ចផ្លាស់ប្តូរពិធីសារ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសខ្មែរ និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ។

គម្រោងនេះ សម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាព CMAC ។ គម្រោងនេះ នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាពCMAC ត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។ បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះ ក៏មានផ្ដល់សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ៖ ម៉ាស៊ីនរាវមីន ALIS , គ្រឿងចក្រកម្ទេចមីន , ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត ជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ៕

To Top