ព័ត៌មានអន្តរជាតិ

បទវិភាគ៖ សហរដ្ឋអាមេរិក “ដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើន”ជាទង្វើគិតមិនបានវែងឆ្ងាយ ខណ:ប្រទេសជាច្រើនគាំទ្រយ៉ាងខ្លាំងចំពោះពហុភាគីនិយម

“កិច្ចសហប្រតិបត្តិការអន្តរជាតិនិងទំនាក់ទំនងភាពជាដៃគូមានសារសំខាន់ណាស់ គ្មានប្រទេសណាមួយលើពិភពលោកអាចឆ្លើយតបនឹងបញ្ហាប្រឈមសកលដោយឯកតោភាគីទេ ។” ពេលថ្មីៗកន្លងទៅនេះ លោកស្រី Beate Meinl-Reisinger រដ្ឋមន្ត្រីការបរទេសអូទ្រីសបានថ្លែងដូចការលើកឡើងខាង លើអំពីករណីដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើនតាមបណ្តាញទំនាក់ទំនងសង្គម ។ ពេលថ្មីៗកន្លងទៅនេះសេតវិមានអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា លោកត្រាំ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈប្រធានាធិបតី ដើម្បីបញ្ជាឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន៦៦ដែល “ផ្ទុយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក” ក្នុងនោះ ក៏បូករួមទាំងស្ថាប័នអង្គការសហប្រជាជាតិចំនួន៣១ដែរ ។ ចំពោះបញ្ហានេះ ប្រទេសជាច្រើនបានបង្ហាញថា ទង្វើរបស់សហរដ្ឋអាមេរិកនេះពិតជាគិតមិនបានវែងឆ្ងាយទេ ហើយអំពាវនាវឱ្យបន្តជំរុញពហុភាគីនិយម ។

កាលពីថ្ងៃទី៩ខែមករា «កាសែត The Nation »របស់ថៃបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «តើសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន៦៦នឹងបង្កផលប៉ះពាល់យ៉ាងណាចំពោះប្រទេសថៃ» ។ អត្ថបទនេះបានលើកឡើងថា ពេលថ្មីៗកន្លងទៅនេះ ទង្វើដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើននឹង “បង្កជាផលប៉ះពាល់យ៉ាងខ្លាំងចំពោះសណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ន” ។ សហរដ្ឋអាមេរិកកំពុងប៉ុនប៉ងដើរតាមមាគ៌ាដែលចាត់ទុកគោលនយោបាយផ្ទៃក្នុងជាស្នូលរបស់ខ្លួន ដែលតម្រូវឱ្យចាត់ទុកច្បាប់ផ្ទៃក្នុងរបស់អាមេរិកមានអទិភាពជាងច្បាប់អន្តរជាតិក្នុងការប្រាស្រ័យទាក់ទងជាមួយបរទេសទាំងអស់ ។

លោក Aleksandar Mitic′ អ្នកស្រាវជ្រាវអំពីទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថាននយោបាយនិងសេដ្ឋកិច្ចអន្តរជាតិរបស់ស៊ែប៊ីបានយល់ឃើញថា វិធានការរបស់អាមេរិកដែល “ដកខ្លួនចេញពីអង្គការអន្តរជាតិ”នឹងបង្កផលប៉ះពាល់ផ្ទាល់ចំពោះ “អំណាចមានបទដ្ឋាន”របស់ខ្លួន បើគិតគូរមើលឱ្យបានវែងឆ្ងាយ នេះគឺជាជម្រើសយុទ្ធសាស្ត្រដែលពោរពេញទៅដោយហានិភ័យ ។

លោកស្រី Vesna Pusić ឧបនាយករដ្ឋមន្ត្រីទីមួយនិងជារដ្ឋមន្ត្រីការបរទេសរបស់ក្រូអាស៊ីបានថ្លែងថា ទង្វើរបស់សហរដ្ឋអាមេរិកនេះជាការវាយប្រហារយ៉ាងខ្លាំងក្លាចំពោះអង្គការសហប្រជាជាតិដែលជាអង្គការពហុភាគីដ៏សំខាន់បំផុត ក៏ដូចជាសន្ធិសញ្ញាច្បាប់អន្តរជាតិពាក់ព័ន្ធ ។ លោកត្រាំកំពុងបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក ហើយប៉ុនប៉ងបង្កើតសណ្តាប់ធ្នាប់ថ្មីមួយដែលដាក់ឱ្យច្បាប់អន្តរជាតិ និងអង្គការពហុភាគីនៅឯកោ ។

លោក John Bryson សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Birmingham របស់អង់គ្លេសបានថ្លែងថា ទង្វើនេះនឹងបណ្តាលឱ្យសហរដ្ឋអាមេរិក “បាត់បង់សំឡេង”ក្នុងកិច្ចពិភាក្សាអន្តរជាតិ សេចក្តីសម្រេចចិត្តរបស់លោកត្រាំនឹងនាំឱ្យជនជាតិអាមេរិកទាំងអស់ត្រូវស្ថិតនៅក្នុងហានិភ័យថ្មី ។

ជាមួយគ្នានេះដែរ អ្នកនយោបាយសំខាន់ៗ និងបញ្ញវន្តរបស់ប្រទេសជាច្រើនបានរំលឹកឡើងវិញនូវគុណតម្លៃនៃអភិបាលកិច្ចសកលនិងយន្តការពហុភាគី អំពាវនាវឱ្យគាំពារក្របខ័ណ្ឌអន្តរជាតិដែលចាត់ទុកសន្តិភាពនិងកិច្ចសហប្រតិបត្តិការជាមូលដ្ឋាន ដើម្បីជំរុញពហុភាគីនិយមដ៏ពិតប្រាកដ ។

លោកស្រី Beate Meinl-Reisinger រដ្ឋមន្ត្រីការបរទេសអូទ្រីសបានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមថា អូទ្រីសនឹងគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយម គាំទ្រកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិភាពនិងសន្តិសុខ ព្រមទាំងគាំពារទំនាក់ទំនងភាពជាដៃគូអន្តរជាតិ ។

លោកស្រី Angélica Reteburg សាស្ត្រាចារ្យរងនៃសកលវិទ្យាល័យ Los Andes របស់កូឡុំប៊ីបានថ្លែងថា យន្តការពហុភាគីមានអត្ថន័យសំខាន់ជាទីបំផុតចំពោះការគាំពារស្ថិរភាពពិភពលោក ការពារផលប្រយោជន៍របស់ប្រទេសមធ្យមនិងតូច ក៏ដូចជាការបន្តជំរុញគោលដៅកាន់តែធំធេងដូចជា សាមគ្គីភាព សុខភាពនិងសុខុមាលភាពរបស់មនុស្សជាតិជាដើម ។

សហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិម្តងហើយម្តងទៀត បាននាំឱ្យការព្យាករណ៍នៃប្រព័ន្ធអភិបាលកិច្ចអន្តរជាតិធ្លាក់ចុះយ៉ាងកំហុក ដែលមិនត្រឹមតែនាំឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែពិបាករៀបចំផែនការប៉ុណ្ណោះទេ ប៉ុន្តែក៏កាន់តែងាយរងការវាយប្រហារពីភាពរង្គោះរង្គើនៃគោលនយោបាយរបស់ប្រទេសធំផងដែរ។ អត្ថន័យនៃអង្គការអន្តរជាតិនិងស្ថាប័នពហុភាគីមិនមែនតំណាងឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសណាមួយទេ ប៉ុន្តែវាគឺដើម្បីគាំពារផលប្រយោជន៍រួមរបស់រដ្ឋសមាជិក ។

ស្ថានការណ៍អន្តរជាតិនាពេលបច្ចុប្បន្នបានបញ្ជាក់ម្តងទៀតថា មានតែប្រព័ន្ធពហុភាគីដំណើរការប្រកបដោយប្រសិទ្ធភាព ទើបអាចបង្ការការរាលដាលនៃ “ច្បាប់ព្រៃ” ។ មិនថាស្ថានការណ៍មានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិននឹងប្រកាន់ខ្ជាប់ពហុភាគីនិយមជានិច្ច គាំទ្រអង្គការសហប្រជាជាតិឱ្យដើរតួនាទីជាស្នូលក្នុងកិច្ចការអន្តរជាតិ ដើម្បីរួមគ្នាជាមួយសហគមន៍អន្តរជាតិ ជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល៕

To Top