អង្គការសហប្រជាជាតិព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោក នឹងកើនឡើង ២,៧% នៅឆ្នាំនេះ
បរទេស៖ អង្គការសហប្រជាជាតិ បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៧% នៅឆ្នាំនេះ ដែលទាបជាងការប៉ាន់ស្មានកាលពីឆ្នាំមុនបន្តិច ដោយលើកឡើងពីផលប៉ះពាល់ នៃពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកសេដ្ឋកិច្ចអង្គការ សហប្រជាជាតិ បានព្យាករណ៍ថា កំណើននឹងកើនឡើងដល់ ២,៩% នៅឆ្នាំ ២០២៧។ កំណើននេះនៅតែទាបជាងកំណើនជាមធ្យម ៣,២% រវាងឆ្នាំ ២០១០ និងឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាត COVID-19 ប៉ះពាល់ដល់សេដ្ឋកិច្ច នៅជុំវិញពិភពលោក។ ការប៉ាន់ស្មានសម្រាប់ឆ្នាំ ២០២៥ គឺ ២,៨%។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការរួមបញ្ចូលគ្នានៃភាពតានតឹងផ្នែកសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាកំពុងផ្លាស់ប្តូររូបរាងពិភពលោក” បាន “បង្កើតភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចថ្មី និងភាពងាយរងគ្រោះខាងសង្គម”។
ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចអង្គការសហប្រជាជាតិបាននិយាយថា មាន “ភាពធន់ដែលមិននឹកស្មានដល់” ចំពោះការកើនឡើងយ៉ាងខ្លាំង នៃពន្ធគយរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ នេះត្រូវបានគាំទ្រ ដោយការចំណាយ របស់អ្នកប្រើប្រាស់រឹងមាំ និងការបន្ធូរបន្ថយអតិផរណា ដែលបានជួយរក្សាកំណើន ប៉ុន្តែពួកគេបានព្រមានថា ភាពទន់ខ្សោយជាមូលដ្ឋាន នៅតែបន្តកើតមាន៕
