ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បោះបង្គោលកំណត់ព្រំតំបន់ ការពារធម្មជាតិ ១ពាន់បង្គោល ដើម្បីធានាការគ្រប់គ្រង តំបន់ធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ ៖ នៅឆ្នាំ២០២៥ អគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានពង្រឹងការគ្រប់គ្រងគម្របបៃតង នៅតាមតំបន់ការពារធម្មជាតិ ដោយធ្វើការបោះបង្គោលកំណត់ព្រំប្រទល់បានចំនួន ១០០០បង្គោល ហើយឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ គ្រោងនឹងបោះបង្គោលព្រំប្រទល់ ចំនួន ១០០០បង្គោលបន្ថែមទៀត ក្នុងគោលបំណងជំរុញ ការចុះបញ្ជីដីរដ្ឋ នៅតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន មានផែនការបោះបង្គោលព្រំប្រទល់ សរុបចំនួន ១៥៧៥៩បង្គោល ដើម្បីជំរុញការ ចុះបញ្ជីដីរដ្ឋ និងធានាការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព ។ បច្ចុប្បន្នក្រសួងបរិស្ថាន បានបោះបង្គោលសរុបចំនួន ៣៦០០ បង្គោល ដែលនៅសល់ ចំនួនបង្គោលសរុបចំនួន ១២១១៩បង្គោលទៀត ដែលត្រូវបោះក្នុងឆ្នាំបន្តបន្ទាប់។

ទាក់ទងនឹងការកំណត់និងបែងចែកតំបន់គ្រប់គ្រង បច្ចុប្បន្នតំបន់ការពារធម្មជាតិ នៅកម្ពុជា មានចំនួន ៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីទំហំជាង ៧ លានហិកតា ស្នើនឹង ៤១% នៃផ្ទៃដីសរុបរបស់ប្រទេស ។ តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាប្រភេទ រួមមាន៖ឧទ្យានជាតិមានចំនួន០៩ តំបន់ ឧទ្យានជាតិសមុទ្រមានចំនួន ០២ តំបន់ ដែនជម្រកសត្វព្រៃមានចំនួន១៨ តំបន់ តំបន់ការពារទេសភាពមានចំនួន ១៤តំបន់ តំបន់ប្រើប្រាស់ច្រើយ៉ាងមានចំនួន ១១ តំបន់ តំបន់រាមសារមានចំនួន០៥តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិ មានចំនួន១៤ តំបន់។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញសសរស្តម្ភទី២គឺ «ភាពបៃតង» ដែលសំដៅលើការបង្កើនគម្របព្រៃឈើជាតិ និងឆ្ពោះទៅអព្យាក្រឹត្យភាពកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០ ។ តាមរយៈ«ភាពបៃតង» នេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ ពង្រឹងការគ្រប់គ្រង តំបន់ការពារធម្មជាតិ ពង្រីកគម្របព្រៃឈើជាតិ និងការអភិវឌ្ឍជីវភាព សហគមន៍មូលដ្ឋាន ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទប្បញ្ញត្តិនានាជាធរមាន មិនមានការលើកលែងចំពោះបទល្មើសធនធាន ធម្មជាតិឡើយ ៕


