មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រើនរំលឹកមន្រ្តី នគរបាលប្រវេសន៍ បង្កើនការត្រួតពិនិត្យការ ចេញ-ចូល របស់ជនបរទេស ឱ្យបានហ្មត់ចត់
ភ្នំពេញ ៖ លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្រ្តី នៃអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រូវបង្កើនការត្រួតពិនិត្យចំពោះការចេញ-ចូល របស់ជនបរទេស ឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នាទីស្ដីការ ក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងថា ចំពោះការងារគ្រប់គ្រង ជនបរទេសអន្តោប្រវេសន្ត ត្រូវបន្តផ្សព្វផ្សាយ និងជំរុញ ឱ្យអ្នកដែលគ្រប់អាយុ និង អ្នកដែលត្រូវបន្តសុពលភាព មកដាក់ពាក្យស្នើសុំប័ណ្ណ និងបន្តសុពលភាព ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យបានទាន់ពេលវេលា ព្រមទាំងបំពេញកាតព្វកិច្ចនានា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ជាមួយនេះត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ចំពោះជនណាដែលរឹងរូស។
លោក បានគូសបញ្ជាក់ថា «មន្រ្តីនៃ អគ្គនាយករដ្ឋាន អន្តោប្រវេសន៍ ត្រូវបង្កើនការត្រួតពិនិត្យ ចំពោះការចេញ-ចូលរបស់ជនបរទេស ឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាព គ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និង ការបង្ការទប់ស្កាត់ មិនឱ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរ នៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍»។
បន្ថែមពីលើនេះ លោក ក៏បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំចាត់វិធានការស្រាវជ្រាវស៊ើបអង្កត ស្វែងរកមុខសញ្ញាជនបរទេសដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា ដោយបង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រង ជនបរទេសឱ្យបានម៉ត់ចត់ ធ្វើយ៉ាងណាឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមាន ភាពល្អប្រសើរ ដើម្បីបម្រើដល់គោល នយោបាយទេសចរណ៍ និងទាក់ទាញវិនិយោគិន បរទេសចូលមកក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត។
យោងតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ឆ្នាំ២០២៥ បានបញ្ជាក់ឲ្យដឹងថា នៅក្នុង ឆ្នាំ២០២៥ កម្ពុជាបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់ នៅក្នុងចំណោម៦៦ សញ្ជាតិនេះ ជនជាតិចិន ច្រើនជាងគេ បន្ទាប់មក ជនជាតិវៀតណាម និង ឥណ្ឌូនេស៊ី។ ពោលការបណ្តេញចេញ ជនបរទេសក្នុងឆ្នាំ២០២៥នេះ ប្រៀបធៀបរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើង ៧.៧០៥នាក់ ស្មើនឹង ៥៦,៨៣% ៕
