លោក ហួត ហាក់ ៖ ការបន្តសម្អាតផ្ទះខ្លួនឯង ឱ្យស្អាតជាមុន គឺជាកិច្ចការសំខាន់ ត្រូវយកចិត្តទុកដាក់
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន្លែងថា ការបន្តសម្អាតផ្ទះខ្លួនឯង ឱ្យស្អាតជាមុន គឺជាកិច្ចការសំខាន់ ត្រូវយកចិត្តទុកដាក់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ របស់នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលបំណងពង្រឹងសមត្ថភាព លើការងាររដ្ឋបាល សុវត្ថិភាពឯកសារដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ និងការងារពិធីការ ដោយធ្វើការវាយតម្លៃ លើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារដ្ឋបាល និង កិច្ចការទូទៅនេះជាកិច្ចការងារសំខាន់ សម្រាប់ក្រសួងស្ថាប័ននីមួយៗ ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺការសំអាតផ្ទះខ្លួនឯង ឱ្យស្អាតជាមុនសិន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់នាពេលកន្លង ដើម្បីចូលរួមក្នុងការសម្រេចបាន នូវលទ្ធផលការងារ គួរជាទីកត់សម្គាល់ ជាពិសេស នៅក្នុងរដូវកាលសាមគ្គីភាព ដែលបងប្អូនបានរួបរួមគ្នា នៅក្នុងគ្រាដ៏លំបាកជួយ ជាកម្លាំងជួរក្រោយ ដល់បងៗវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។

សូមបញ្ជាក់ថា សម្រាប់នាយកដ្ឋានរដ្ឋបាល និង កិច្ចការទូទៅ គឺជាអង្គភាពទី៦ នៃក្រសួងទេសចរណ៍ ដែលលោករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំ ៕
ដោយ៖ ដារាត់| ដើមអម្ពិល

