ទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង មានបំណងរៀបចំកម្មវិធី ពិនិត្យសុខភាព ឥតគិតថ្លៃជូនពលរដ្ឋខ្មែរ
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានបង្ហាញបំណងរៀបចំកម្មវិធី ពិនិត្យសុខភាព ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលរស់នៅជុំវិញតំបន់ឆាំងវ៉ុន ។

ក្នុងឱកាសអញ្ជើញទៅមជ្ឈមណ្ឌលគាំពារ ពលករបរទេសនៅតំបន់ឆាងវ៉ុន ដើម្បីពិភាក្សាអំពីលទ្ធភាព នៃការធ្វើជាសហប្រធានរៀបចំកម្មវិធី “2026 Migrants’ Arirang Multicultural Festival” និងសួរសុខទុក្ខប្រជាជនខ្មែរ នាថ្ងៃ១១ មករា ឯកអគ្គរាជទូតបានថ្លែងអំណរគុណ ចំពោះលោក Lee Choul Seoung ប្រធានមជ្ឈមណ្ឌលគាំពារពលករ តំបន់ឆាំងវ៉ុន ដែលតែងតែយកចិត្ត ទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហាការងារផ្សេងៗ របស់ពលករខ្មែរក្នុងតំបន់នេះ។

ឆ្លៀតក្នុងឱកាសនៃជំនួបនោះ ឯកអគ្គរាជទូត ក៏បានបង្ហាញពីបំណងរៀបចំកម្មវិធីពិនិត្យ សុខភាពដោយឥតគិតថ្លៃ ជូនពលរដ្ឋខ្មែរដែលរស់នៅជុំវិញតំបន់ឆាំងវ៉ុន និងបានស្នើសុំលោកប្រធាន មជ្ឈមណ្ឌលសហការផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះ ។

ជាការឆ្លើយតប លោកប្រធានមជ្ឈមណ្ឌល បានយល់ ស្របក្នុងការផ្តល់ទីតាំង និងជួយសម្របសម្រួលកម្មវិធីពិនិត្យ សុខភាពដែលនឹងប្រពឹត្តទៅនៅតំបន់ឆាំងវ៉ុននាពេលខាងមុខនេះ ៕







