អាជ្ញាធរភ្នំពេញ នឹងអនុវត្តវិធានការ ចាប់ពីថ្ងៃទី១៨ មករាតទៅ ចំពោះអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់លើផ្លូវ និងចិញ្ចើមផ្លូវ ជុំវិញផ្សារដើមគចាស់
ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា នៅថ្ងៃទី១៨ មករាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្ត វិធានការ ដោយជំរុញឱ្យអ្នកលក់ ដូរបន្លែ ផ្លែឈើ គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងលើចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង, មហាវិថីព្រះមុនីរ៉េត និងផ្លូវនានា នៅតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅលក់ដូរនៅទីតាំងផ្សារ ដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ ដោយមិនអនុញ្ញាតិ ឱ្យលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ និងចិញ្ចើមផ្លូវតទៀតឡើយ។

ការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះលោក ឃួង ស្រេង បានលើកឡើងថា អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវមហាវិថី ម៉ៅ សេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគ មានចំនួនជាង ៧០០អាជីវករ ហើយចាប់ពីថ្ងៃទី១៨ ខែមករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូង និងចិញ្ចើមផ្លូវទាំងនេះមកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋ បានធ្វើដំណើរធម្មតាឡើងវិញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា កន្លងមកមិនទាន់មានទីតាំងសម្រាប់អាជីវករលក់ដូរ តែពេលនេះអាជ្ញាធរ មានទីតាំងសម្រាប់អាជីវករហើយ ទើបអាជ្ញាធរឱ្យអាជីវករចាកចេញពីលើទ្រូង និងចិញ្ចើមផ្លូវទាំងនេះ។ ចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត ព្រមទាំងទទួលបាន អត្ថប្រយោជន៍ច្រើនថែមទៀតផង។

ក្នុងកិច្ចប្រជុំនោះដែរលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា កន្លងមកនេះ មានសារព័ត៌មានមួយចំនួនតូច បានផ្សព្វផ្សាយព័ត៌មានមិនពិតថា ផ្សារដើមគត្រូវផ្លាស់ប្តូរទីតាំងថ្មី តែធាតុពិត ផ្សារដើមគមិនត្រូវបានផ្លាស់ប្តូរនោះទេ អ្វីដែលត្រូវផ្លាស់ប្តូរ គឺអ្នកលក់ដូរបន្លែ ផ្លែឈើ គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងលើចិញ្ចើមផ្លូវ នៃមហាវិថី ម៉ៅ សេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគប៉ុណ្ណោះ ដែលត្រូវផ្លាស់ប្តូរទៅទីតាំងផ្សារដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ៕
ដោយ៖ ដារាត់| ដើមអម្ពិល





