អ៊ីរ៉ង់ បញ្ជាក់ថាស្ថានភាពស្ថិត នៅក្រោមការគ្រប់គ្រងទាំងស្រុង ក្នុងចំណោមបាតុកម្មគាំទ្រ រដ្ឋាភិបាលទូទាំងប្រទេស និងសម្ពាធពីលោកខាងលិច
តេអេរ៉ង់៖ ប្រជាជនអ៊ីរ៉ង់ គាំទ្ររដ្ឋាភិបាល រាប់ម៉ឺននាក់បានចុះតាមដងផ្លូវនៅថ្ងៃចន្ទ ដោយឆ្លើយតបនឹងការអំពាវនាវ ជាផ្លូវការមួយ ដើម្បីបង្ហាញ សាមគ្គីភាព ជាមួយរដ្ឋ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយរូបភាពនៃហ្វូង មនុស្សយ៉ាងច្រើនកុះករនៅទីលានអេងហេឡាប នៃទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការបរទេសលោក Seyed Abbas Araghchi បានប្រកាសថាស្ថានភាពផ្ទៃក្នុងឥឡូវនេះ «ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង»។
បាតុកម្មគាំទ្ររដ្ឋាភិបាល ដែលក៏បានធ្វើឡើងនៅក្នុងទីក្រុងដូចជា Kerman, Zahedan និង Birjand ត្រូវបានកំណត់ លក្ខណៈដោយប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋថាជា «ការបះបោរដ៏ពេញនិយមប្រឆាំង នឹងអំពើភេរវកម្ម អាមេរិក-ស៊ីយ៉ូននិយម»។ នៅក្នុង Shahrud ការជួបជុំគ្នាបានកើតឡើងស្របគ្នានឹងពិធីបុណ្យសព សម្រាប់បុគ្គលិកសន្តិសុខ ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលមានភាពចលាចលថ្មីៗនេះ។ មេដឹកនាំកំពូលលោក Ali Khamenei បានពិពណ៌នាអំពីការ ជួបជុំគ្នានេះថា ជាការព្រមានយ៉ាងម៉ឺងម៉ាត់ដល់អ្នកនយោបាយអាមេរិកឱ្យ «បញ្ឈប់សកម្មភាព បោកប្រាស់របស់ពួកគេ ហើយឈប់ពឹងផ្អែកលើបុគ្គលិក ដែលក្បត់ជាតិរបស់ពួកគេ»។
រលកនៃអស្ថិរភាពបច្ចុប្បន្នត្រូវបានបង្កឡើងកាលពីខែមុនដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀលអ៊ីរ៉ង់ និងកំណែទម្រង់យ៉ាងទូលំទូលាយ ចំពោះប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល។ អ្វីដែលបានចាប់ផ្តើមជា ការតវ៉ាសេដ្ឋកិច្ចបានប្រែក្លាយ ទៅជាភាពចលាចលទូទាំងប្រទេសយ៉ាងឆាប់រហ័ស ដែលនាំឱ្យមានការប៉ះទង្គិចគ្នា ដោយហិង្សារវាងប៉ូលីស និងក្រុមបាតុករ។
នៅព្រឹកថ្ងៃចន្ទ លោក Araghchi បានបញ្ជាក់ជាថ្មីថា ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ «ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង» ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទជ្រៀតជ្រែក។ នៅក្នុងកិច្ចប្រជុំជាមួយអ្នកការទូតបរទេស លោកបានអះអាងថា ការតវ៉ាទូទាំងប្រទេសត្រូវបាន «ប្រែក្លាយទៅជាហិង្សា និងបង្ហូរឈាម» ដើម្បីផ្តល់លេសដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីធ្វើអន្តរាគមន៍។
លោក Araghchi បានបន្ដថា អ៊ីរ៉ង់ «ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ប៉ុន្តែក៏សម្រាប់ការសន្ទនាផងដែរ» ដោយចោទប្រកាន់ធាតុផ្សំបរទេសថា ជាអ្នកជំរុញឱ្យមានបាតុកម្ម និងសន្យាថាកងកម្លាំងសន្តិសុខនឹង «តាមប្រមាញ់» អ្នកដែលទទួលខុសត្រូវ។ លោកបានអះអាងបន្ថែមទៀតថា អ៊ីរ៉ង់បានទទួលភស្តុតាងនៃការចូលរួមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុង «សកម្មភាពភេរវកម្ម» ក្នុងស្រុក រួមទាំងវីដេអូ ដែលបង្ហាញពីអាវុធកំពុង ត្រូវបានចែកចាយ ទៅឱ្យក្រុមបាតុករ ហើយបានបញ្ជាក់ថា អាជ្ញាធរនឹងចេញផ្សាយ ចម្លើយសារភាព របស់អ្នកជាប់ឃុំ ក្នុងពេលឆាប់ៗនេះ។ លោកក៏បានបន្ថែមថា សេវាអ៊ីនធឺណិត ដែលត្រូវបានផ្តាច់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ័មុន នឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
