ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក ស្នើធ្វើជាអ្នកសម្របសម្រួល រវាងសហរដ្ឋអាមេរិក និងគុយបា

ម៉ិកស៊ិក៖ ទីក្រុងម៉ិកស៊ិកមានឆន្ទៈធ្វើជាអ្នកសម្របសម្រួល ប្រសិនបើសហរដ្ឋអាមេរិក និងគុយបា យល់ព្រមចរចា នេះបើតាមការលើកឡើងរបស់ប្រធានាធិបតី ម៉ិកស៊ិកលោកស្រី Claudia Sheinbaum ។

លោកស្រីបានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានពេលព្រឹក ជាប្រចាំបន្ទាប់ពីការសន្ទនា តាម ទូរស័ព្ទរបស់លោកស្រី ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយលោកស្រីថា “ប្រសិនបើម៉ិកស៊ិក ក្លាយជាយានជំនិះមួយ ដើម្បីសម្រួលដល់ការទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងគុយបា ភាគីទាំងពីរនឹងយល់ព្រម”។

លោកស្រីបានបន្ថែមថា “ម៉ិកស៊ិកស្ថិតក្នុងជំហរល្អបំផុតក្នុងការធ្វើដូច្នេះ” ដោយសំដៅទៅលើការធ្វើជាអ្នកសម្របសម្រួល។ ក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានឲ្យដឹងថា “ប្រេង ឬប្រាក់នឹងមិនត្រូវបានផ្ញើទៅគុយបាទៀតទេ” ហើយបានណែនាំឲ្យរដ្ឋាភិបាលគុយបា ធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន “មុនពេលវាយឺតពេល”។

លោកស្រី Sheinbaum បានលើកឡើងថា ការដឹកជញ្ជូនប្រេងម៉ិកស៊ិកទៅគុយបា គឺស្របច្បាប់ក្នុងក្របខ័ណ្ឌ នៃអធិបតេយ្យភាពជាតិ និងសម្រាប់គោលបំណងមនុស្សធម៌ ។ លោកស្រីបានបន្ថែមថា ជំនួយមនុស្សធម៌នេះ “មិនមែនជារឿងថ្មីទេ” ហើយគោលនយោបាយនេះត្រូវបានគាំទ្រ ដោយរដ្ឋបាលម៉ិកស៊ិក ជាបន្តបន្ទាប់ ដោយមិនគិតពីទំនាក់ទំនង នយោបាយរបស់ពួកគេឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top