ព័ត៌មានជាតិ

បណ្តាប្រទេសជាមិត្ត បានផ្តល់ថវិកា បន្តបន្ទាប់មកកម្ពុជា នៅគ្រាដ៏លំបាក

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងថា មានបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ជាច្រើនបានជួយជ្រោម ជ្រែងកម្ពុជា តាមរយៈការផ្តល់ជំនួយនិងសម្ភារៈជាបន្តបន្ទាប់ក្នុងគ្រាដ៏លំបាក ពោលគឺពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៣ មករា លោក ប៉ែន បូណា លើកឡើងថា ជប៉ុនបានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន១១.៣ លានដុល្លារ សម្រាប់ការអនុវត្តគម្រោង សមាហរណកម្មបោស សម្អាតមីន និង សង្គ្រោះជន ពិការដោយសារគ្រាប់មីន និងទឹកប្រាក់ ៧.៦ លានដុល្លារទៀតសម្រាប់ អនុវត្តគម្រោង ជំនួយម៉ាស៊ីនស្គែនកុងតឺន័រនៅចំណតកុងតឺន័រថ្មី នៃកំពង់ផែក្រុងព្រះសីហនុ ខណៈកាលពីអំឡុងខែសីហា ឆ្នាំ២០២៥ ជប៉ុនក៏បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណជា១.៨ លានដុល្លារ តាមរយៈអង្គការ IOM និង UNICEF ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់សម្រាប់ជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែរ ។

លោកបន្តថា ចំណែកអាមេរិកវិញ ក្រៅពីបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ ក៏បានប្រកាសផ្តល់ជំនួយចំនួន១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និងទឹកប្រាក់១០លានដុល្លារផ្សេងទៀតសម្រាប់ការដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ចំពោះប្រទេសចិន ក្រៅពីផ្តល់ការគាំទ្រដល់អាទិភាពជាបន្ទាន់លើការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងធ្វើឱ្យមានសន្តិភាពចីរកាល ក៏បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជនភៀសសឹកក្នុងប្រទេសកម្ពុជា និងបានប្រកាសត្រៀមខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់តម្រូវការចិញ្ចឹមជីវិតរបស់ជនភៀសសឹកនៅតាមតំបន់ព្រំដែនដែលរងផលប៉ះពាល់។ សម្រាប់ស៊ែប៊ី ក៏បានផ្តល់ជំនួយមនុស្សធម៌៥០ម៉ឺនដុល្លារ ជួយប្រជាជនភៀសសឹកកម្ពុជាដែរ។

លោកបញ្ជាក់ថា “ក្រៅពីនោះ នៅមានប្រទេសជាមិត្ត ជាច្រើនទៀត រួមទាំងដៃគូអភិវឌ្ឍន៍របស់កម្ពុជា ក៏បានផ្តល់ជំនួយមនុស្សធម៌ និងជំនួយ សម្រាប់សេចក្តីត្រូវការបន្ទាន់នានា ព្រមទាំងបានចេញសារអបអរសាទរ ចំពោះការសម្រេចបានបទឈប់បាញ់ ដោយក្តីរំពឹងថា ភាគីទាំងពីរ(កម្ពុជា-ថៃ) នឹងសម្រេចបាននូវការស្តារសន្តិភាពឡើងវិញ និងរក្សាសន្តិភាពនោះ ឱ្យបានយូរអង្វែង សម្រាប់ជាប្រយោជន៍របស់ប្រជាជនទាំងពីរ ក៏ដូចជាសម្រាប់ស្ថិរភាព ក្នុងតំបន់ទាំងមូល” ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ទាំងអស់នេះ បានសបញ្ជាក់ឱ្យឃើញថា សហគមន៍អន្តរជាតិឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជាគ្រប់កាលៈទេសៈ ទាំងនយោបាយការទូត ទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានាក្នុងគ្រាដែលកម្ពុជាជួបការលំបាក៕

To Top