ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក ច្រានចោលអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក នៅក្នុងទឹកដីម៉ិកស៊ិក

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលនោះ លោកស្រីបានច្រានចោលអន្តរាគមន៍យោធាណាមួយរបស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីម៉ិកស៊ិក។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានពេលព្រឹកធម្មតារបស់លោកស្រី Sheinbaum បានឲ្យដឹងថា ការហៅទូរស័ព្ទនេះគឺចាំបាច់ក្នុងចំណោមភាពតានតឹងអន្តរជាតិថ្មីៗនេះ និងការគំរាមកំហែងនៃការអន្តរាគមន៍យោធាដោយសហរដ្ឋអាមេរិក បន្ទាប់ពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលទីក្រុងវ៉ាស៊ីនតោន បានអះអាងថាជាកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានរៀបចំ និងការជួញដូរគ្រឿងញៀន។

លោកស្រីបានពិពណ៌នាអំពីការសន្ទនាប្រហែល ១៥ នាទីថាជា “មិត្តភាព” ដោយកត់សម្គាល់ថា លោក ត្រាំ បានផ្តល់ការគាំទ្រពីសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Sheinbaum បានលើកឡើងថា ជំនួយបែបនេះមិនចាំបាច់នោះទេ។

លោកស្រីបានលើកឡើងថា “យើងបានប្រាប់គាត់ថា រហូតមកដល់ពេលនេះ យើងកំពុងធ្វើបានល្អ ហើយវាមិនចាំបាច់នោះទេ។ លើសពីនេះ មានអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ម៉ិកស៊ិក”។ នៅពេលសួរដោយអ្នកយកព័ត៌មានថាតើការសន្ទនាបានច្រានចោលសកម្មភាពយោធាណាមួយទាំងស្រុងឬអត់ លោកស្រី Sheinbaum បានឆ្លើយតបដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការការពារអធិបតេយ្យភាពជាតិ។

លោកស្រីបានបន្ដថា ប្រជាជនម៉ិកស៊ិក គួរតែដឹងថា ប្រធានាធិបតីរបស់ពួកគេនឹងមិនដែលចរចាអំពីអធិបតេយ្យភាព ឬបូរណភាពទឹកដីឡើយ យើងស្វែងរកការសម្របសម្រួលដោយគ្មានការចុះចូល ក្នុងនាមជាអ្នកស្មើភាពគ្នា»។ លោកស្រី Sheinbaum បានបន្ថែមថា លោកស្រីបានជម្រាបលោក ត្រាំ អំពីលទ្ធផលសន្តិសុខរបស់ប្រទេសម៉ិកស៊ិក រួមទាំងការរុះរើមន្ទីរពិសោធន៍គ្រឿងញៀនសម្ងាត់ ការចាប់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលរៀបចំទុក ការថយចុះ ៥០ ភាគរយនៃការឆ្លងកាត់គ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាមេរិក និងការធ្លាក់ចុះជាង ៤០ ភាគរយនៃការស្លាប់ដោយសារគ្រឿងញៀន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top