កងទ័ពជើងទឹកអាមេរិកម្នាក់ ដែលលួចលក់ព័ត៌មានរបស់ កប៉ាល់ចម្បាំងអាមេរិក ទៅឱ្យចិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៦ឆ្នាំ
បរទេស៖ កាលពីថ្ងៃច័ន្ទ អតីតនាវិកកងទ័ពជើងទឹកអាមេរិកម្នាក់ដែលត្រូវបានកាត់ទោសពីបទលក់ការណែនាំបច្ចេកទេស ប្រតិបត្តិការ និងប្រព័ន្ធប្រតិបត្តិការរបស់នាវាទៅឱ្យមន្ត្រីស៊ើបការណ៍សម្ងាត់ដែលធ្វើការឱ្យប្រទេសចិន គឺត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ១៦ ឆ្នាំ, នេះបើយោងតាមព្រះរដ្ឋអាជ្ញាអាមេរិក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ចៅក្រមសហព័ន្ធម្នាក់នៅទីក្រុងសាន់ឌីអាហ្គោ បានកាត់ទោសលោក Jinchao Wei អាយុ ២៥ឆ្នាំ ឱ្យជាប់ពន្ធនាគារ ២០០ ខែ។ គណៈវិនិច្ឆ័យសហព័ន្ធបានកាត់ទោសលោក Wei ក្នុងខែសីហាពីបទឧក្រិដ្ឋចំនួនប្រាំមួយ រួមទាំងចារកម្មផងដែរ។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់ត្រូវបានបង់ប្រាក់ជាង ១២.០០០ ដុល្លារសម្រាប់ព័ត៌មានដែលគាត់បានលក់។
លោក Wei ដែលជាវិស្វករសម្រាប់កប៉ាល់វាយប្រហារ USS Essex ហើយក៏ជានាវិកម្នាក់ក្នុងចំណោមនាវិកពីរនាក់ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាដែលត្រូវបានចោទប្រកាន់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៣ ពីបទផ្តល់ព័ត៌មានយោធាដ៏រសើបដល់ប្រទេសចិន។ ម្នាក់ទៀតគឺលោក Wenheng Zhao ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាងពីរឆ្នាំក្នុងឆ្នាំ ២០២៤ បន្ទាប់ពីគាត់បានសារភាពថា មានទោសពីបទសមគំនិតមួយករណី និងបទទទួលសំណូកមួយករណីដែលរំលោភលើកាតព្វកិច្ចផ្លូវការរបស់គាត់។
មន្ត្រីសហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភអស់រយៈពេលជាច្រើនឆ្នាំមកហើយអំពីការគំរាមកំហែងចារកម្មដែលពួកគេនិយាយថា រដ្ឋាភិបាលចិនបង្កឡើង ដោយបាននាំយកសំណុំរឿងព្រហ្មទណ្ឌក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រឆាំងនឹងភ្នាក់ងារចារកម្មទីក្រុងប៉េកាំង ដែលបានលួចព័ត៌មានរសើបរបស់រដ្ឋាភិបាល និងពាណិជ្ជកម្ម រួមទាំងតាមរយៈការលួចចូលប្រព័ន្ធកុំព្យូទ័រខុសច្បាប់ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
