បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំថា ប្រទេសដាណឺម៉ាក កំពុងកាន់កាប់កោះហ្គ្រីន ឡែន ដោយរំលោភលើច្បាប់ របស់អង្គការសហប្រជាជាតិ
បរទេស៖ បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺអភិបាលរដ្ឋ Louisiana លោក Jeff Landry បាននិយាយថា ប្រទេសដាណឺម៉ាក កំពុងកាន់កាប់កោះហ្គ្រីនឡែន ដោយរំលោភលើច្បាប់ របស់អង្គការសហប្រជាជាតិ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងទទួលបានកោះហ្គ្រីនឡែន ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក «តាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត»។ លោកក៏បានអះអាងផងដែរថា ទីក្រុង Copenhagen មិនអាចផ្តល់សន្តិសុខ សម្រាប់កោះធំបំផុតរបស់ពិភពលោកបានទេ ដោយលោកនិយាយលេងសើចថា វាត្រូវបានការពារ ដោយ «រទេះរុញឆ្កែពីរប៉ុណ្ណោះ»។
ក្រោយមកនៅថ្ងៃនោះ លោក Landry បានកត់សម្គាល់ថា សហរដ្ឋអាមេរិក បានការពារកោះហ្គ្រីនឡែន ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
មូលដ្ឋានយោធាអាមេរិកត្រូវបានបង្កើតឡើងនៅលើកោះអាកទិក ស្របតាមកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Copenhagen ក្នុងខែមេសា ឆ្នាំ ១៩៤១ មួយឆ្នាំបន្ទាប់ពីប្រទេសដាណឺម៉ាកត្រូវបានឈ្លានពានដោយណាស៊ីអាល្លឺម៉ង់។
លោក Jeff Landry បានសរសេរថា ប្រវត្តិសាស្ត្រមានសារៈសំខាន់។ សហរដ្ឋអាមេរិកបានការពារអធិបតេយ្យភាពរបស់ ហ្គ្រីនឡែន ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ នៅពេលដែលប្រទេសដាណឺម៉ាកមិនអាចធ្វើបាន” ។
លោក Landry ដែលត្រូវបានតែងតាំងជាបេសកជន ប្រធានាធិបតីសម្រាប់កោះ Greenland កាលពីខែមុនបានអះអាងថា បន្ទាប់ពីជម្លោះបានបញ្ចប់ “ប្រទេសដាណឺម៉ាកបានកាន់កាប់កោះនេះឡើងវិញ – ដោយបានដើរចេញ និងមិនអើពើនឹងពិធីសារ របស់អង្គការសហប្រជាជាតិ” ៕
ប្រែសម្រួលៈ ណៃ តុលា
