ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ននេះ ពិតជាជួយជំរុញការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង និងឆ្លើយតបដល់ តម្រូវការមនុស្សជំនាន់ថ្មី (Gen Z និង Gen Alpha) ។

ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារអ្នកនាំពាក្យ និងការងារផ្សព្វផ្សាយ (Media) របស់ក្រសួងទេសចរណ៍ ក្នុងគោលបំណង ពិនិត្យវឌ្ឍនភាព ការងារបច្ចេកទេស ឌីជីថលកន្លងមក ការបែងចែកភារកិច្ច និងកំណត់ទិសដៅផែនការការងារ ការគ្រប់គ្រងបណ្តាញសង្គម កាលវិភាគអនុវត្ត ការផលិតមាតិកាទេសចរណ៍ ជាលក្ខណៈឌីជីថល (រូបភាព, វីដេអូ និងខ្លឹមសារ) ដែលជាគន្លឹះសំខាន់ ក្នុងការបង្កើនភាព ទាក់ទាញ និងសមត្ថភាពប្រកួតប្រជែង លើវិស័យទេសចរណ៍ នៅប្រទេសក្នុងតំបន់ និងនៅជុំវិញពិភពលោក ព្រមទាំងបានធ្វើការ វាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញ នូវទិសដៅការងារបន្ត នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារ បច្ចេកទេសជុំវិញក្រសួង ត្រូវជំរុញដល់ការរៀបចំក្រុម ការងារឆ្លើយតបតាមរយៈ Email, ការជំរុញរៀបចំប្រព័ន្ធរក្សាទុក លិខិតរដ្ឋបាលជាលក្ខណៈឌីជីថល ឱ្យបានកាន់តែឆាប់ ការរៀបចំ Media Server សម្រាប់ផ្ទុកទិន្នន័យ និង បែងចែក, ការបង្កើតគេហទំព័រហ្វេសប៊ុក នៅគ្រប់នាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានទាំង៣ ជាពិសេសការជំរុញ ដល់ការដាក់ឱ្យប្រើប្រាស់ Visit Cambodia App នាពាក់កណ្តាលឆ្នាំ២០២៦ នេះផងដែរ។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី ក៏មានមតិដឹកនាំលើការពង្រឹង សមត្ថភាពរបស់ក្រុមការងារ ដើម្បីឆ្លើយតបនឹងនិន្នាការថ្មី របស់បច្ចេកវិទ្យាដែលចេះតែវិវឌ្ឍឥតឈប់ឈរ ដោយបានលើកទឹកចិត្ត ឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាល (AI) បន្ថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំ ដល់មន្ទីរទេសចរណ៍ ចូលរួមសហការសម្របសម្រួល ដល់ក្រុមអ្នកផលិតមាតិកា ទេសចរណ៍ (Influencers) ដែលបាននិងកំពុងចុះផលិត មាតិកាផ្សព្វផ្សាយទេសចរណ៍ នៅមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកដំបូង ដែលលោករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសឌីជីថល (Media) និងក្រុមអ្នកនាំពាក្យ របស់ក្រសួងទេសចរណ៍៕ ដោយ៖ ដារាត់| ដើមអម្ពិល
