សម្តេចធិបតី៖ រាជរដ្ឋាភិបាល គិតគូយ៉ាងយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់ ដោយដាក់ចេញវិធានការចាំបាច់៣ សម្រាប់ជនភៀសសឹក
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានគិតគូយ៉ាងយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់ ដោយបានដាក់ចេញ នូវវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយ សម្រាប់ជនភៀសសឹក ដែលអាចត្រឡប់ទៅលំនៅឋានវិញ និងមិនទាន់អាចត្រឡប់ទៅលំនៅឋាន ព្រមទាំងការស្តារហេដ្ឋានរចនាសម្ព័ន្ធ ដែលរងការខូចខាត។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ។

ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការរៀបចំ ទីជម្រកសុវត្ថិភាព ផ្តល់ការឧបត្ថម្ភគាំទ្រ ដល់បងប្អូន ប្រជាពលរដ្ឋភៀសសឹកទាំងអស់ បានស្នាក់នៅបណ្តោះអាសន្ន ឱ្យមានសុវត្ថិភាព និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានគិតគូយ៉ាងយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់ ដោយបានដាក់ចេញ នូវវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយ សម្រាប់បងប្អូនជនភៀសសឹក ដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត។


ទី១- សម្រាប់បងប្អូនជនភៀសសឹក ដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែង រៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួល របស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្ម នៅក្នុងការបោសសំអាត អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូន ជនភៀសសឹកវិលត្រឡប់ ទៅកាន់ទីតាំងទាំងនោះ។ ជាមួយការសម្រួលការវិលត្រឡប់ ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ។

ទី២-ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹង លើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្ន របស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់នូវដំណោះស្រាយសមរម្យ ទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃ ក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ ទៅលំនៅឋានវិញ។

ទី៣-ចំពោះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាត មានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង៕




ដោយ៖ ដារាត់| ដើមអម្ពិល
